សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើមិត្តភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលបច្ចុប្បន្ន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក៏បានអបអរសាទរចំពោះលទ្ធផលបោះឆ្នោតកន្លងមកនេះ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទំនងប្រវត្តិសាស្ត្រដែលបានប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាព គ្នាល្អ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ឯកឧត្តម ជាប្រធានរដ្ឋកាលពីពេលថ្មីៗនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា តាមរយៈ សមាគមមិត្តភាពនៃប្រទេសទាំងពីរ នឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាបងប្អូន ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ។
ប្រភព៖ ក្រសួងព័ត៌មាន