ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានស្នើឱ្យក្រុមហ៊ុន ផលិតទុយោទឹក K&K Pipe សិក្សាជម្រើសហិរញ្ញប្បទានបន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពឱ្យប្រតិបត្តិករទឹកស្អាតឯកជនទទួលបានហិរញ្ញប្បទានកាន់តែច្រើន ដើម្បីពង្រីកបណ្តាញចែកចាយទឹកស្អាត និងសមត្ថភាពរបស់ពួកគេ។ ការស្នើនេះធ្វើឡើង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ អញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក K&K Pipe ។
ឯកឧត្តមបានជម្រាបជូនថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំបង្កើតអង្គភាពបណ្តុះបណ្តាលមួយ និងបានស្នើឱ្យក្រុមហ៊ុន K&K Pipe ចូលរួមសហការ និងគាំទ្រជាស្មារតី និងសម្ភារៈ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាតជាក់ស្តែងឱ្យបានកាន់តែច្រើន។
ឯកឧត្តមបានកោតសរសើរចំពោះក្រុមហ៊ុនដែលបានប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការនាំចូល បង្កើតការងារ និងបង្កើនជំនាញបច្ចេកទេសក្នុងវិស័យ ទឹកស្អាត។
ឯកឧត្តមបានលើកឡើងថា៖ “ដោយប្រើបំពង់ចែកចាយទឹកដែលមានគុណភាពខ្ពស់ ដូចបំពង់ដែលផលិតដោយក្រុមហ៊ុន K&K Pipe ប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន អាចកាត់បន្ថយអត្រាបាត់បង់ទឹក និងពង្រឹងសេវាទឹកស្អាតកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ និងឧស្សាហកម្ម។ K&K Pipe គឺជាគំរូដែលសហគ្រាសក្នុងស្រុកអាចជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា”។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយសហការជាមួយអង្គភាពនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជាមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ, និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងបន្តទៅទីផ្សារក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនបានទទួលរួចហើយនូវស្តង់ដារគុណភាពជាតិ និងកំពុងប្រើប្រាស់សេវាហេថារចនាសម្ព័ន្ធគុណភាពជាតិ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការម៉ាស៊ីនស្តង់ដារ ISO ចំនួន៩ ដើម្បីផលិតទុយោទឹក សម្រាប់ផ្គត់ផ្គង់វិស័យផ្សេងៗដូចជា ទឹកស្អាត កសិកម្ម ការបូមខ្សាច់ ទូរគមនាគមន៍ និងបណ្តាញឧស្ម័ន។ ជាមួយបុគ្គលិកចំនួន ១៣៣ នាក់ ក្រុមហ៊ុនមានសមត្ថភាពផលិតទុយោប្រភេទ HDPE ទំហំចាប់ពី ២០ម.ម ដល់ ១,០០០ម.ម ប្រវែង ៥,២២៥,២២០ ម៉ែត្រក្នុងមួយខែ។
ប្រភព៖ ក្រសួងព័ត៌មាន