ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានលើកឡើងនូវសមិទ្ធផលលេចធ្លោនៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគម្រោងវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការលើកឡើងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាមបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ង្វៀន ហ៊ុយតាំង បានថ្លែងថា ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន ដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ ក្នុងវិស័យផ្សេងៗ ដែលប្រទេសទាំងពីរតែងតែឱ្យតម្លៃ និងលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ ជំនួប និងការផ្លាស់ប្តូរយោបល់រវាងថ្នាក់ដឹកនាំជាន់ ខ្ពស់ នៃប្រទេសទាំងពីរតែងតែប្រព្រឹត្តឡើងជាញឹកញាប់ ហើយតាមរយៈនេះ ប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើន សម្រាប់កំណត់ទិសដៅឱ្យទំនាក់ទំនងទូទៅនៃប្រទេសទាំងពីរ។
ឯកឧត្ដមបានបញ្ជាក់ថា ភាគីទាំងពីរក៏បានបញ្ជាក់ថានឹងគោរព និងអនុវត្តន៍យ៉ាងពេញលេញរាល់កិច្ចព្រមព្រៀង កតិកាសញ្ញាដែលបានចុះ ហត្ថលេខារួចហើយ ប្តេជ្ញាកសាងទំនាក់ទំនងតាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង” ថែរក្សាចំណងសាមគ្គីភាព មិត្តភាពរវាង វៀតណាម-កម្ពុជា ឱ្យគង់វង្សជារៀងរហូត។ ជាមួយគ្នានេះ នៅឆ្នាំ២០២០ និង២០២១ ទោះបីជាក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដោយរៀងៗខ្លួនក្នុងការឆ្លើយតប ទប់ស្កាត់ការឆ្លងរាលដាលក៏ដោយ ក៏ប៉ុន្តែ ថ្នា្នក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក្រសួងស្ថាប័ន ផ្នែកមូលដ្ឋាន និងអង្គការមហាជននៅតែពិភាក្សាគ្នាតាមទូរស័ព្ទដើម្បីសួរសុខទុក្ខ ចែករំលែកការលំបាកទៅវិញទៅមក យកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកទាំងខាងសម្ភារនិងស្មារតី ក៏ដូចជាវ៉ាក់សាំងការពារជំងឺសម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល។
ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានរម្លឹកផងដែរថា កាលពីពីចុងឆ្នាំ២០២១ អតីតប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ន់ភុក (Nguyen Xuan Phuc) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើម្បីបំផុសចាប់ផ្តើម “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២” និងខួបអនុស្សាវរីយ៍ ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្ដមថ្លែងបញ្ជាក់ថា៖ «យើងអាចនិយាយបានថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់ប្រទេសទាំងពីរ ខណៈពេលប្រទេសកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាន និងការអបអរខួបលើកទី៤៥ នៃ “ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន ហើយឆ្នាំ ២០២២ ក៏ជាឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ផងដែរ»។
ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានលើកឡើងទៀតថា ភាគីទាំងពីរបានសហការរៀបចំពិធីមីទ្ទិញយ៉ាងឧឡារិកដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរនៅទីក្រុងហាណូយ រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀត ហើយបានបញ្ចប់ដោយដំណើរការបំពេញទស្សនកិច្ចផ្លូវការចំនួនពីរនៅប្រទេសកម្ពុជា របស់នាយករដ្ធមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) និងប្រធានរដ្ឋសភា វៀតណាម ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយពេលប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ និងបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ រួចរាល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។ នាដើមឆ្នាំ២០២៤ ភាគីទាំងពីរបានប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រនៅប្រទេសរៀងៗខ្លួន។
បើតាមឯកឧត្ដម ឯកអគ្គរដ្ឋទូតបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងមុន។ ភាគីទាំងពីរសហការរក្សាស្ថិរភាពនយោបាយ សន្តិសុខ ការពារជាតិ និងការអភិវឌ្ឍក្នុងប្រទេសរៀងៗខ្លួន បន្តសម្របសម្រួលអនុវត្តដោយល្អប្រសើរនូវពិធីសារ កិច្ចសហប្រតិបត្តិការរយៈពេល ៥ឆ្នាំ ក៏ដូចជាផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈវៀតណាម ជាមួយនឹងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃកម្ពុជា។ ភាគីទាំងពីរតែងតែផ្លាស់ប្តូរព័ត៌មាននិងស្ថានការណ៍ ចែករំលែកបទពិសោធន៍ ទប់ស្កាត់ និងធ្វើឱ្យលែងមានប្រសិទ្ធភាពនូវរាល់សកម្មភាពរបស់កងកម្លាំងអមិត្តដែលប្រឆាំងវៀតណាម ប្រឆាំងកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការយាមល្បាតរួមគ្នា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចការស្វែងរក និងជួយសង្គ្រោះហានិភ័យនៅតាមតំបន់ព្រំដែនគោក និងលើលំហសមុទ្រ រៀបចំការផ្លាស់ប្តូរប្រាស័្រយទាក់ទង ចងមេត្រីភាព បន្តដំណើរការបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ សហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពបង្កបង្កើនផល និងការស្នាក់នៅដោយទន្ទ្រានទៅវិញទៅមក សកម្មភាពឆ្លងដែនខុសច្បាប់ ដោះស្រាយរាល់បញ្ហាដែលកើតមានឡើង កសាងពង្រឹងការងារគ្រប់គ្រងខ្សែព្រំដែន ខ្សែក្រវាត់សន្តិសុខ ប្រកបដោយសន្តិភាព ស្ថិរភាព ការពារអធិបតេយ្យភាពជាតិ រក្សាសណ្តាប់ធ្នាប់ និងធានសុវត្ថិភាពនៅតាមតំបន់ព្រំដែន។ ភាគី ទាំងពីរបន្តការងារស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា និងការងារជួសជុល កែលម្អ ធ្វើឱ្យល្អប្រសើរឡើងស្តូបមិត្តភាព វៀតណាម-កម្ពុជា។
ជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ វៀតណាមនិងកម្ពុជាបានបង្ហើយការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកបានប្រមាណ ៨៤% ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារទទួលស្គាល់លទ្ធផលជាផ្លែផ្កានេះ បង្កើតមូលដ្ឋានគ្រឹះឱ្យភាគីទាំងពីរបន្តរក្សាស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន ព្រមទាំងបន្តការពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់ព្រំដែនគោក ១៦% ដែលនៅសេសសល់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។
«យើងអាចនិយាយបានថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ រួមជាមួយនឹងកិច្ចការបរទេសបានរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាពសម្រាប់ការអភិវឌ្ឍ នៃប្រទេសរៀងៗខ្លួន រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង។
ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជាមានប្រសាសន៍ផងដែរថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកទេសរវាងប្រទេសទាំងពីរមាន ការអភិវឌ្ឍជាវិជ្ជមាន។ ភាគីទាំងពីរបានអនុវត្តន៍ដោយបុរេសកម្មរាល់កតិកាសញ្ញា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ និងខ្លឹមសារ នៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស កិច្ចប្រជុំកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន ពិភាក្សា និងដោះស្រាយរាល់ការលំបាកនិងឧបសគ្គឱ្យទាន់ពេលវេលា។ ឯកឧត្ដមបន្ដថា យន្តការទ្វេភាគីត្រូវបានឱ្យតម្លៃខ្ពស់ និងជំរុញប្រកបដោយប្រសិទ្ធភាព ដូចជា កិច្ចប្រជុំជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជា កិច្ចប្រជុំសហប្រតិបត្តិការពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គការមហាជន អាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ និងយន្តការពហុភាគីផ្សេងៗទៀត ដែលមានការចូលរួមពីសំណាក់ភាគីវៀតណាម និងកម្ពុជា។
ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាម មានគម្រោងវិនិយោគចំនួន ២០៨ នៅក្នុងប្រទេសកម្ពុជា ដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២,៩១ ពាន់លានដុល្លារអាម៉េរិក ស្ថិតនៅក្នុងចំណោមប្រទេសទាំង១០ ដែលមានការវិនិយោគច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ ចំណែកប្រទេសកម្ពុជា មានគម្រោងវិនិយោគចំនួន ៣៥ នៅក្នុងប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៧៥,៧៦ លានដុល្លារអាម៉េរិក។ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ទោះបីជាជួបការលំបាកជាច្រើនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានការរីកចម្រើនលោតផ្លោះខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២០ សម្រេចបាន ៥,៣២ ពាន់លានដុល្លារអាម៉េរិក ឆ្នាំ២០២១ សម្រេចបាន ៩,៥៣ ពាន់លានដុល្លារអាម៉េរិក (កើនឡើងជិត ៨០ភាគរយ ធៀបនឹងឆ្នាំ២០២០) ហើយកំពុងរក្សាល្បឿនកំណើនដោយមានទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ សម្រេចបាន ១០,៥៧ ពាន់លានដុល្លារអាម៉េរិក ឆ្នាំ២០២៣ សម្រេចបាន ៨,៦ ពាន់លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ជាង ១០ ពាន់លានដុល្លារអាម៉េរិក។ ភាគីទាំងពីរខិតខំសម្រេចឱ្យបានគោលដៅ ២០ ពាន់លានដុល្លារអាម៉េរិក នាពេល ខាងមុខ ដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្ដទៀតថា ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ជាវិស័យមួយត្រូវបានភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ជាពិសេស ដោយចាត់ទុកថានេះជាកត្តាគោលដៅសំខាន់មានលក្ខណៈយុទ្ធសាស្ត្រ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាម ផ្តល់អាហារូបករណ៍បណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែងដល់និស្សិតកម្ពុជារាប់រយនាក់។ ចំណែកប្រទេសកម្ពុជាវិញ ក៏ផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមចំនួន ១៥នាក់ រួមទាំងអាហារូបករណ៍ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ហើយផ្ដល់អាហារូបករណ៍ចំនួន ២០ ផ្សេងទៀត សម្រាប់បណ្តុះបណ្តាលផ្នែកភាសា និងវប្បធម៌ខ្មែររយៈពេលពីរឆ្នាំ។ ក្រៅពីនោះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញបន្ថែមធនធានមនុស្សសម្រាប់បុព្វហេតុ កសាងនិងអភិវឌ្ឍន៍នៅប្រទេសនីមួយៗ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន រដ្ឋសភា និងអង្គការមហាជន ត្រូវបន្តជំរុញអនុវត្តន៍ជាក់ស្ដែង។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ខេត្តជាប់ព្រំដែនទាំងឡាយបន្តពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន