សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៥% នៅឆ្នាំ២០២៤ បន្ទាប់ពីសង្កេតឃើញថាមានកំណើនខ្លាំងក្នុងត្រីមាសទី១ ឆ្នាំនេះ ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។
សារព័ត៏មានចិន CNA បានសរសេរថា ថ្វីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេព្យាករថានឹងរក្សាបាននូវកំណើន ៥% នៅឆ្នាំ២០២៤ ប៉ុន្តែអាចនឹងធ្លាក់ចុះបន្តិចត្រឹម ៤,៥% នៅឆ្នាំ២០២៥។
កម្លាំងសេដ្ឋកិច្ចចិន កាលពីខែមេសា រួមមាន ទិន្នផលរោងចក្រ ពាណិជ្ជកម្ម និងតម្លៃទំនិញប្រើប្រាស់ មានតម្លៃស្មើ ១៨,៦ ទ្រីលានដុល្លារ ។
យោងតាមមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ប្រទេសចិនបានដាក់ចេញនូវការងារអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២៤ ដែលក្នុងនោះរួមមានការខិតខំធ្វើទំនើបកម្មប្រព័ន្ធឧស្សាហកម្ម និងការអភិវឌ្ឍ “កម្លាំងផលិតថ្មីប្រកបដោយគុណភាព” ក្នុងល្បឿនដ៏លឿនជាងមុន។
ពោលគឺ ងាកចេញពីគំរូកំណើនសេដ្ឋកិច្ចបែបប្រពៃណី ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលផ្អែកលើបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលធ្វើឡើងតាមរយះ៖
(១) ធ្វើឱ្យប្រសើរឡើងនូវច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម
(២) អភិវឌ្ឍយ៉ាងសកម្មនូវឧស្សាហកម្មផ្តោតលើអនាគត និងឧស្សាហកម្មដែលកំពុងតែរីកចម្រើន និង
(៣) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ នៃសេដ្ឋកិច្ចឌីជីថល ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចចិន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចឱ្យបាននូវទំនើបកម្មរបស់ចិនលើគ្រប់វិស័យ៕
ប្រភព៖ ក្រសួងព័ត៌មាន