ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានជំរុញឱ្យមានការរួមសាមគ្គីចូលរួមផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។ ការរួមសាមគ្គីគ្នា ដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូចគ្នាដែរក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម បម្រើឱ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងឱកាសទទួលជួបជាមួយយុវជននៃបណ្តាញអង្គការ សមាគម ជាង២០ ស្ថាប័នផ្សេងគ្នា ដឹកនាំដោយ លោក មួង សូនី ប្រធានយុវជន១០០រាត្រី នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បៃតង និងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ប្រសិនបើខ្មែរឈ្លោះបែកបាក់ ខ្មែរនឹងវិនាស។ ប្រសិនបើយើងទាំងអស់រួមសាមគ្គីគ្នា គាំទ្រនូវគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាពិតជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថានត្រូវការចូលរួមសាមគ្គីគ្នា ពីដៃគូសហការជាតិ និងអន្តរជាតិ ដើម្បីជួយផ្សព្វផ្សាយពីភាពស្អាត បៃតង និងចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា។
សូមបញ្ជាក់ថា យុវជនមកពីបណ្តាញអង្គការ សមាគម បានគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំនាវាបរិស្ថានកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត។ យុវជនកម្ពុជា នឹងចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិតស្តីពីវិស័យបរិស្ថាននៅកម្ពុជា ជាពិសេសការផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ដល់សាធារណជនឲ្យបានទូលំទូលាយ លើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលទើបដាក់ចេញនៅថ្ងៃទី១៥ ខែឧសភានេះ ទន្ទឹមគ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានជួយឱ្យប្រជាជនកម្ពុជាមានការ កែប្រែផ្នត់គំនិត បន្តិម្តងៗ ចូលរួមក្នុងការធ្វើឱ្យកម្ពុជាស្អាត ភូមិឃុំ មានសោភ័ណភាព កាត់បន្ថយការប្រើប្រាស់និងការបំពុលប្លាស្ទិកនៅកម្ពុជា និងយុទ្ធនាការការដាំដើមឈើយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន