សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈត្រូវតែធ្វើជាប់ជាប្រចាំពោលគឺមិនមែនធ្វើតែក្នុង ពេលនេះ ឬធ្វើក្នុងឆ្នាំក្រោយឡើយ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថិភាពខ្ពស់ខ្លាំង វៃឆ្លាត ហើយបំពេញការងារនៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាព នៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការណ៍ នៃការវិវត្ត ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា៖ «អ្វីដែលយើងចង់បាន គឺរដ្ឋបាលសាធារណៈមួយដែលរឹងមាំ ដែលបត់បែន ប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ចឹងអ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយយើងក៏ឯកគ្នាដែរ គឺយើងត្រូវតែធ្វើ ប៉ុន្ដែធ្វើនៅពេលណា។ មានទស្សនៈលើកឡើងមកថា យើងធ្វើជំហ៊ាន ពេលនេះ កន្លែងនោះចាំតិច។ ការធ្វើកំណែទម្រង់ មិនមែនធ្វើពេលនេះ ឬពេលឆ្នាំក្រោយនោះទេ គឺធ្វើត្រូវជាប់ជាប្រចាំ យើងបានធ្វើជាប់ជាប្រចាំហើយ»។
ក្នុងឱកាសនោះដែរសម្តេចធិបតីក៏បានស្នើថ្នាក់ដឹកនាំទាំងអស់ត្រូវយកចិត្តទុកដាក់និងធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធអង្គភាព និងមុខងារមន្ត្រីគោលការណ៍បែបបទ និងនីតិវិធីព្រមទាំងលិខិតបទដ្ឋានគតិយុត្តិធម៌ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រងជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន