នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ “បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក៏ដូចជាឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនានា ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ផ្អែកលើសមិទ្ធផល និង បទពិសោធក្នុងការអនុវត្ត យុទ្ធសាស្ត្រត្រីកោណនិង យុទ្ធសាស្រ្តចតុកោណ ទាំង ៤ ដំណាក់កាល ក្នុងរយៈពេលប្រមាណ ៣ ទស្សវត្សរ៍ កន្លងទៅ និង ការវាយតម្លៃសម្រាប់រយៈពេល ២៥ ឆ្នាំ ខាងមុខ ពោលគឺរហូតដល់ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល, បានចាត់ទុក ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ជាអាទិភាពមួយ ក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតជាពិសេសលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពស្របតាមអភិក្រមនៃវដ្តជីវិត ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យ និងគោលដៅដ៏ច្បាស់លាស់ គឺជំរុញ កំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និង បរិយាបន្នសង្គម ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្តបញ្ជាក់ថា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» បានដើរតួយ៉ាងសំខាន់ ក្នុងការតម្រង់ទិសនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បានយ៉ាងគាប់ប្រសើរ។ គិតត្រឹមដើមឆ្នាំ ២០២៤, ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម មានប្រមាណជាង ៤២.១% នៃប្រជាជនសរុប។ ប៉ុន្តែ, ជាមួយនឹងការវិវត្តយ៉ាងឆាប់នៃព្រឹត្តការណ៍សកល ក៏ដូចជាលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិកន្លងមក, រាជរដ្ឋាភិបាលមើលឃើញពីភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយនេះ ទៅជា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យឆ្នាំ២០៣០» ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បន្ថែមទៀត ដោយផ្លាស់ប្តូរអភិក្រម ពីការអភិវឌ្ឍដែលផ្តោតលើសសរស្តម្ភ ទៅជាអភិក្រមនៃការគាំពារផ្អែកលើហានិភ័យនៃវដ្តជីវិត និងបន្តពង្រីកការគ្របដណ្តប់ ទៅតាមលទ្ធភាព និង ស្ថានភាពជាក់ស្តែង, ប៉ុន្តែ ប្រកាន់ភ្ជាប់នូវគោលជំហរប្រុងប្រយ័ត្ន ក្នុងការមិនប្រែក្លាយកម្ពុជាទៅជា រដ្ឋសុខុមាលភាព (welfare state) នោះទេ។
«ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យ ឆ្នាំ ២០៣០» ក៏នឹងបន្តស្មារតីក្នុងការនាំកម្ពុជា ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជារបៀបវារៈ និងជំហានគោលនយោបាយដ៏សំខាន់មួយ ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ នៃ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១។ គោលនយោបាយអទិភាពនេះ មិនត្រឹមតែពង្រីកវិសាលភាពនៃរបបថែទាំសុខភាពដល់ប្រជាជនចំនួនប្រមាណ ៩ លាននាក់ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជំរុញការគូសវាសផែនទីបង្ហាញផ្លូវមួយ សម្រាប់ការពង្រីកវិសាលភាព, ទាំងការគ្របដណ្ដប់ប្រជាជន, ការគ្របដណ្ដប់សេវាសុខាភិបាលសារវន្ត និងទាំងការគាំពារផ្នែកហិរញ្ញវត្ថុ, ក្នុងក្របខណ្ឌនៃការគាំពារសុខភាពសង្គម ដែលមានឈ្មោះថា ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ផងដែរ។
ឈរលើស្មារតី គិតគូរជាសកល និង អនុវត្តតាមបរិការណ៍ក្នុងប្រទេស, ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីតាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមជាវាគ្មិនក្តី ឬមិនមែនជាវាគ្មិនក្តី បើកចិត្តឱ្យទូលាយ និង ចូលរួមពិភាក្សាជាមួយអ្នកជំនាញ ដើម្បីទទួលបាននូវបទ-ពិសោធន៍ និង មេរៀនល្អៗ, ក៏ដូចជាគំនិតផ្តួចផ្តើមថ្មី, ដែលអាចក្លាយជាធាតុចូល សម្រាប់ កំណត់ទិសដៅរួមគ្នា ក្នុងការនាំ «នាវាគាំពារសង្គមកម្ពុជា» ឈ្ពោះទៅមុខ ប្រកបដោយ ចីរភាព និង ភាពធន់ នៅក្នុងដំណើរដ៏វែងឆ្ងាយមួយ ។
ក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ធ្វើការកត់សម្គាល់មួយចំនួនដូចខាងក្រោម៖
ទី១. បន្ទាប់ពីការដាក់ឱ្យអនុវត្តនូវគោលនយោបាយពង្រីកវិសាលភាពគ្របដណ្តប់ នៃរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និង មូលនិធិសមធម៌សុខា-ភិបាល, ការបង្កើនការគ្របដណ្តប់សុខភាពនៅក្នុងភាពជាក់ស្ដែង និង ការពង្រឹងគុណភាពសេវាសុខាភិបាល គឺជាការងារអាទិភាពចំពោះមុខ ។
ទី២. ដោយក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវបានចាប់ផ្តើមអនុវត្តពីខែមេសា ឆ្នាំ ២០២៤ តទៅ, មូលនិធិជាតិជំនួយសង្គម ត្រូវរៀបចំការងារបច្ចេកទេសចាំបាច់នានា ដើម្បីធានាថា កម្មវិធីនេះនឹងដំណើរការទៅ ដោយរលូន និង មានប្រសិទ្ធភាព។
ទី៣. ការបំពេញបន្ថែមនូវការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដោយតភ្ជាប់ពួកគាត់ ទៅកម្មវិធីគាំពារសង្គមផ្សេងៗ, ដូចជាកម្មវិធីជំនួយសង្គម ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ, មូលនិធិសមធម៌សុខាភិបាល និងសេវាសង្គមកិច្ចផ្សេងទៀត, នឹងជួយឱ្យរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅ ក្នុងការលើកស្ទួយជីវភាពគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ឱ្យកាន់តែប្រសើរ ។
ទី៤. ការកសាងយន្តការអភិបាលកិច្ចល្អ ក្នុងប្រព័ន្ធគាំពារសង្គម នឹងជួយបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដោយមាននិយ័តករសន្តិសុខសង្គមជាតួអង្គដ៏សំខាន់ ។
ទី៥. ការប្រើប្រាស់ផតថលចុះបញ្ជីរួមនៃថ្នាលគាំពារសង្គមឌីជីថល សម្រាប់ការចុះបញ្ជី, ការកំណត់អត្តសញ្ញាណ, និងការធ្វើទំនើបកម្មការបើកផ្តល់កញ្ចប់ អត្ថប្រយោជន៍ នឹងកាត់បន្ថយភាពបែកខ្ញែកនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ក៏ដូចជាកាត់បន្ថយបន្ទុកការងារ, បង្កើនប្រសិទ្ធភាព និង តម្លាភាព ក្នុងការអនុវត្ត ។
ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤នេះ ជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិត អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅព្រះរាជាណាចក្រមកម្ពុជារបស់យើង ស្របតាមពាក្យស្លោក “ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នករាល់គ្នា អ្នករាល់គ្នាសម្រាប់ប្រព័ន្ធគាំពារសង្គម”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការរំលឹកដឹងគុណដ៏ខ្ពង់ខ្ពស់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការផ្តួចផ្តើម និងដឹកនាំការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យរឹងមាំ និងសូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ផងដែរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសប់ ដោយបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខប្រជាជន និងបានតាំងចិត្តមោះមុតក្នុងការបន្តដឹកនាំ “នាវាគាំពារសង្គមកម្ពុជា” ឱ្យកាន់តែរឹងមាំ មានចីរភាព និងភាពធន់។
សូមបញ្ជាក់ជូនថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ជាការប្រារព្ធលើកទី៣ ខណៈការរៀបចំចំនួន ២លើក នាពេលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទកៈ និងធាតុចូលសំខាន់ៗ ដែលត្រូវបានប្រើប្រាស់ក្នុងការបន្តគិតគូរពីការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ ជាមួយនឹងជោគជ័យនាពេលកន្លងមក, ការរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជានៅឆ្នាំនេះ បានបោះជំហានឈានមួយកម្រិតទៀតទៅថ្នាក់តំបន់ ដោយមានការចូលរួមពីអ្នកជំនាញក្នុងប្រទេស និងបណ្តាប្រទេសនានា ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងប្រទេសផ្សេងៗទៀត ព្រមទាំងមានការចូលរួមផងដែរពីនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីបង្កើតកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាលើការវិឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា តំបន់ និងពិភពលោក ក៏ដូចជាបង្កើតជាវេទិការចែករំលែកនូវគោលនយោបាយ, ចំណេះដឹង, បញ្ហាប្រឈម, និងបទពិសោធល្អៗពាក់ព័ន្ធនឹងការរៀបចំ, ការអនុវត្ត, រួមទាំងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាក្នុងបរិបទ និងភូមិសាស្រ្តនយោបាយបច្ចុប្បន្ន និងទៅអនាគត ។
ប្រភព៖ ក្រសួងព័ត៌មាន