រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅបរទេស ជាពិសេសនៅសាធារណរដ្ឋកូរ៉េ តាមរយៈការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកៀកជិតនឹងបងប្អូនពលរដ្ឋខ្មែរយើង និងឆ្លើយតបឱ្យទាន់ពេលវេលាជូនដល់ពួកគាត់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗនេះ។
លោកជំទាវបន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចាប់ផ្តើមផ្តល់លិខិតឆ្លងដែនធម្មតាដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។
នេះជាថ្ងៃទីមួយនៃការផ្តល់លិខិតឆ្លងដែនដល់បងប្អូនពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅ និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីពួកគាត់បានមកធ្វើលិខិតឆ្លងដែនធម្មតាដោយផ្ទាល់នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤កន្លងមក។
ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួយជ្រោមជ្រែងឱ្យមានការរៀបចំធ្វើលិខិត ឆ្លងដែននៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ពោលគឺសំដៅដល់ការកាត់បន្ថយចំណាយថវិកា និងពេលវេលាច្រើន ដោយបងប្អូនពលរដ្ឋខ្មែរយើងពុំចាំបាច់ធ្វើដំណើរមកប្រទេសវិញ ដើម្បីស្នើសុំធ្វើលិខិតឆ្លងដែននោះឡើយ។
ទន្ទឹមនេះ បងប្អូនពលរដ្ឋខ្មែរយើងមានការសប្បាយចិត្តយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយសម្របសម្រួលដល់នីតិវិធីនៃការធ្វើលិខិតឆ្លងដែន និងរៀបចំឱ្យមានការធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េតែម្តង។
បន្ថែមពីនេះ បងប្អូនពលរដ្ឋខ្មែរយើងក៏បានអរគុណដល់មន្រ្តីស្ថានទូតកម្ពុជាយើង និងមន្រ្តីអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទែដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាសាធារណៈដល់ពួកគាត់ ទោះបីជាថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាកក៏ដោយ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនពលរដ្ឋខ្មែរយើង ដោយបងប្អូនពលរដ្ឋដែលកំពុងតែធ្វើការនៅសាធារណរដ្ឋកូរ៉េពុំចាំបាច់សុំច្បាប់ឈប់សម្រាកពីថៅកែរោងចក្រ ឬក្រុមហ៊ុនឡើយ។
ប្រភព៖ ក្រសួងព័ត៌មាន