ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនមក បានកើនឡើងដល់ប្រមាណ ២៦ ៥០០នាក់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនថា «ចំនួនអ្នកស្លាប់ដោយសារការឈ្លានពានរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំមុនមក បានកើនឡើងដល់ ២៦ ៤២២នាក់ ហើយមនុស្ស ៦៥ ០៨៧នាក់បានរងរបួស»។
យោងសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា «យ៉ាងហោចណាស់មនុស្សចំនួន ១៦៥នាក់ត្រូវបានសម្លាប់នៅក្នុងបរិពន្ធភូមិ ហើយ ២៩០នាក់បានរងរបួស ក្នុងរយៈពេលតែ ២៤ម៉ោងចុងក្រោយនេះ»។
ស្ថានការណ៍នៅមជ្ឈិមបូព៌ាមានការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ក្រុមហាម៉ាស់បានទម្លាក់ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា ក្នុងទីក្រុងហ្សេរុយសាឡឹម។ អ៊ីស្រាអែលបានប្រកាសការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្គាហ្សាស្រ្ទីប និងបានចាប់ផ្តើមប្រតិបត្តិការយោធានៅទីនោះ។ អ៊ីស្រាអែលក៏បានវាយប្រហារផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី ក្នុងការសងសឹកចំពោះការទម្លាក់គ្រាប់បែកដែលមានប្រភពមកពីប្រទេសទាំងនោះ។ ការប៉ះទង្គិចគ្នាក៏កំពុងកើតឡើងដែរនៅតំបន់វេសប៊ែង៕
ប្រភព៖ ក្រសួងព័ត៌មាន