កូរ៉េខាងជើងត្រូវគេរាយការណ៍ថា បានកម្ទេចចោលរូបសំណាកសំខាន់មួយ នៅក្នុងរដ្ឋធានីរបស់ខ្លួន ដែលជានិមិត្តរូបនៃគោលដៅសម្រុះសម្រួលគ្នា ជាមួយកូរ៉េខាងត្បូង ក្រោយការចេញបញ្ជាពីសំណាក់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលកាលពីសប្តាហ៍មុន បានហៅកូរ៉េខាងត្បូងថាជាសត្រូវចម្បង និងបាននិយាយថា ការបង្រួបបង្រួមគ្នា គឺលែងមានលទ្ធភាពអាចទៅរួចទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
សេចក្តីរាយការណ៍ពីសារព័ត៌មានអនឡាញ NK News មានឯកទេសខាងឃ្លាំមើលប្រទេសកូរ៉េខាងជើង បានឱ្យដឹងថា យោងតាមរូបភាពពីផ្កាយរណបកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺបានបង្ហាញថា រូបសំណាកធំមួយ ដែលជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់ការបង្រួបបង្រួមឧបទ្វីបកូរ៉េ និងត្រូវបានសាងសង់ឡើង ក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាង មេដឹកនាំប្រទេសកូរ៉េទាំងពីរ កាលពីឆ្នាំ២០០០ គឺលែងឃើញទៀតហើយ។
ក្នុងការថ្លែងសុន្ទរកថាមួយ នៅសភាកូរ៉េខាងជើងកាលពីថ្ងៃទី១៥ ខែមករានេះ លោក គីម ជុងអ៊ុន បានហៅរូបសំណាកខាងលើ ថាជារបស់គួរឱ្យទើសភ្នែកជាខ្លាំង ហើយក្នុងពេលនោះហើយ ដែលលោកបានចេញបញ្ជាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវចម្បង។ មិនតែប៉ុណ្ណោះ សភាកូរ៉េខាងជើង ក៏បានរំលាយទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន ដែលក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ប្រាស្រ័យទាក់ទង ជាមួយទីក្រុងសេអ៊ូលផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន គឺលោក Yoon Suk Yeol ដែលឡើងកាន់អំណាច កាលពីឆ្នាំ២០២២ បានប្រកាន់គោលជំហររឹងមាំ ប្រឆាំងកូរ៉េខាងជើង ដោយបានដាក់បញ្ជាឱ្យមានការឆ្លើយតបធ្ងន់ៗនិងរហ័សភ្លាមៗ ចំពោះសកម្មភាពយោធានានារបស់កូរ៉េខាងជើង ដែលបានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ចំណែក កូរ៉េខាងជើងវិញ បានប្តេជ្ញាកម្ទេចកូរ៉េខាងត្បូង ប្រសិនបើខ្លួនទទួលរង ការវាយប្រហារពីកូរ៉េខាងត្បូងឬសហរដ្ឋអាមេរិក។ កាលពីចុងឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានប្រកាសលុបចោល កិច្ចព្រមព្រៀងសំខាន់មួយ ដែលត្រូវបានចុះហត្ថលេខាជាមួយទីក្រុងសេអ៊ូល កាលពីឆ្នាំ២០១៨ ក្រោមគោលដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា៕
ប្រភព៖ ក្រសួងព័ត៌មាន