ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ ការស្នើបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការជួយគាំទ្រទៅលើការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាននេះ ដោយសារប្រទេសបារាំង គឺមានអ្នកជំនាញសារព័ត៌មាន និងមានបទពិសោធន៍ច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីឱ្យកម្ពុជាអាចធ្វើការដកបទពិសោធន៍បន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងពីកិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឱ្យការវិវឌ្ឍនៃសង្គមឱ្យបានល្អ និងទីបី ការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល។ ជាការឆ្លើយតបគឺ ឯកឧត្តម M. Jacques Pellet បានផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាល ដោយសហការជាមួយនឹងដៃគូសម្រាប់អ្នកសារព័ត៌មានកម្ពុជា ។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធជាមួយនឹងការដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំកំពូលអង្គការអន្តរជាតិ នៃប្រទេសនិយាយភាសាបារាំង នៅឆ្នាំ២០២៦ ហើយប្រទេសកម្ពុជាក៏កំពុងតែធ្វើកិច្ចការងារដើម្បីស្វែងរកការគាំទ្រពីបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល។ ឯកឧត្តម នេត្រ ភក្ដ្រា ក៏បានគូសបញ្ជាក់អំពីផែនការមួយចំនួននៅក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសដែលជាសមាជិកនៃប្រទេសនិយាយបារាំង។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយនេះដោយត្រូវការជំរុញបន្ថែមលើកទឹកចិត្តឱ្យមានការប្រើប្រាស់ភាសាបារាំង តាមរយៈការផ្សព្វផ្សាយព័ត៌មាន ដើម្បីឱ្យបងប្អូនប្រជាជនដែលជាជនជាតិបារាំងនៅកម្ពុជា ក៏ទទួលបានព័ត៌មានអំពីកម្ពុជា ជាភាសាបារាំង និងឱ្យអ្នករៀនសូត្រភាសាបារាំង អាចអានព័ត៌មានអំពីកម្ពុជាជាភាសាបារាំងបាន។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបានជួយដល់កម្ពុជា ហើយក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននេះ គឺភាគីទាំងពីរកម្ពុជា-បារាំង នឹងធ្វើការងារបន្ថែមទៀតដើម្បីពង្រឹងលើគុណភាពសារព័ត៌មាន នៅកម្ពុជា ។ សូមជម្រាបជូនថា បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន គឺមានប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ រួមមានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានធ្វើការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ភាសាអង់គ្លេស ភាសាវៀតណាម ភាសាចិន និងភាសាអារ៉ាប់ ក្នុងទិសដៅដើម្បីផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក តាមរយៈការប្រើប្រាស់ភាសាផ្សេងៗ។ ទន្ទឹមនេះ វិទ្យុជាតិកម្ពុជា មានកម្មវិធីផ្សាយជាភាសាបារាំង ទូរទស្សន៍ជាតិកម្ពុជា មានកម្មវិធីជាភាសាបារាំង ហើយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក៏មានវេបសាយ ដែលមានការប្រើប្រាស់ភាសាបារាំង ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន