ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី២៦-២៧ និង២៨ ខែវិច្ឆិកាខាងមុខនេះ នៅមុខព្រះបរមរាជវាំង មានទូកងចំនួន ៣៣៨ទូក ចូលរួម។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បង្ហាញថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ មានទូកចំនួន ៣៣៨ទូក មកពីគ្រប់ខេត្តរាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២ទូក មានទូកអុំ ចំនួន ៥០ទូក ទូកចែវចំនួន ១៥ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ៣៧ទូក។
ចំណែកប្រទីប មានចំនួន ៣០ ក៏នឹងបង្ហាញខ្លួន ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះផងដែរ។ នេះបើតាមប្រសាសន៍លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ៕
ប្រភព៖ កោះសន្តិភាព