លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៦ សីហា ២០២៣នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលបានសមិទ្ធផលថ្មីមួយទៀត គឺស្ពានខ្សែកាប ឆ្លងទន្លេបាសាក់ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ឱ្យបានមុន ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះ ព្រះខែខាងមុខនេះ ។
លោកបន្ដថា៖ ស្ពានបេតុងខ្សែកាបថ្មីមួយខ្សែនេះ វាអាចជួយរំដោះចរាចរណ៍ ពីកំណាត់ផ្លូវជាតិលេខ១ មកកាន់រាជធានីភ្នំពេញ ដើម្បីអាចឱ្យពលរដ្ឋទូទៅប្រើប្រាស់សម្រាប់ការធ្វើដំណើរទៅមកឆ្លងពីតំបន់មួយទៅតំបន់មួយបានយ៉ាងងាយស្រួល មិនចំណាយពេលវេលាយូរ និងមិនបង្កការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទៀតឡើយ ។
ពិសេសនោះ ពលរដ្ឋ បង្ហាញអារម្មណ៍ ត្រេកអរផងដែរ ពេលដឹងថា ស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅមុនព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ដោយសារសំណង់ស្ពានបេតុងខ្សែកាប កំពុងដំណើរការ បាន៩០ភាគរយហើយនោះ ដូច្នេះ សុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋអ្នកដំណើរ ដែលកំពុងប្រើប្រាស់ កំពង់ដចម្លងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រទៅតំបន់អភិវឌ្ឍន៍ កោះនរាជាបណ្តោះអាសន្ន ដោយចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការឆ្លងទៅមកម្តងៗសុំការយោគយល់ផង។ លោកបន្ដថា៖ ក្រុមការងារសាងសង់ របស់ក្រុមហ៊ុនOCIC កំពុងសម្រុកធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យឆាប់រួចរាល់ ទាន់ពេលវេលា ឱ្យបងប្អូន ដំណើរការបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ។
ស្ពានបេតុងខ្សែកាប តភ្ជាប់ពីកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៏ កោះនរានេះ បានបើកការដ្ឋានដំណើរការសាងសង់ កាលពីខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន។ ស្ពាននេះ មានប្រវែងបណ្ដោយ ៨០០ម៉ែត្រ ទទឹង២៤,៥០ម៉ែត្រ និងចំណាយថវិកា ចំនួន៣៨ លានដុល្លារអាម៉េរិក ជាថវិការបស់ក្រុមហ៊ុនវិនិយោគ OCIC កោះពេជ្រ រួមជាមួយ បដិភាគរបស់សាលារាជធានីភ្នំពេញ៕
ប្រភព៖ Fresh News