លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងជានាយកបច្ចេកទេសរៀបចំការប្រកួតកីឡាស៊ីហ្គេមផ្នែកកីឡាសីដក់បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន ជួយគាំទ្រទាំងស្មារតី សម្ភារ ដោយសារតែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោក ទុយ ប៊ុនហឿន បានថ្លែងថា សម្រាប់ការរៀបចំជាលើកទី១នេះ យើងសង្កេតឃើញថាគឺអាចទទួលយកបាន និងអំពាវនាវដល់គ្រប់ផ្នែកទាំងអស់ដើម្បីគាំទ្រ លើកទឹកចិត្តដល់កីឡាករ ក៏ដូចជាសហព័ន្ធកីឡាជាតិទាំងអស់។ លោកបានបញ្ជាក់ថា ការងាររៀបចំការប្រកួតគឺជាការងារមួយធំ ហើយថ្មី សម្រាប់កម្ពុជា ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងទទួលបានការសហការពីសហព័ន្ធកីឡាសីដក់ និងឈិនឡូនអន្តរជាតិផង ធ្វើឱ្យដំណើរការរបស់យើងបានល្អប្រសើរ។
ទាក់ទងនឹងដំណើរការប្រកួតនេះដែរ លោកនាយកបច្ចេកទេសបានគូសបញ្ជាក់បន្ថែមថា យើងក៏មានមោទកភាព ព្រោះកីឡាករ កីឡាការិនីបានត្រៀមលក្ខណៈ និង ដោយមានការគាំទ្រឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា យើងបានសម្រេចគោលដៅរបស់យើង ដោយសហព័ន្ធកីឡាសីដក់ត្រៀមទទួលមេដាយមាសពីរ ប៉ុន្តែលទ្ធផលដែលទទួលបានជាក់ស្តែងគឺទទួលបានមេដាយមាសចំនួន៤។ លោកបានអះអាងថា នេះជាមោទកភាពសម្រាប់កីឡាករ កីឡាការិនី សហព័ន្ធ និងប្រទេសជាតិយើងទាំងមូល។
ជាមួយគ្នានេះដែរ លោកអនុប្រធានសហព័ន្ធបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ឱកាសក្នុងការបណ្តុះបណ្តាលថ្នាលក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំជម្រើសជាតិ ដែលបានជួយឧបត្ថម្ភ ក្នុងការហ្វឹកហាត់នៅទីនោះអស់រយៈពេល៣ខែ២០ថ្ងៃ។
សូមបញ្ជាក់ថា កីឡាសីដក់ និងឈិនឡូន ត្រូវបានបញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ ដោយចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែឧសភា ក្នុងនោះ ឈិនឡូន ចាប់ផ្តើមដំណើរការពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ហើយសីដក់ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់កីឡាសីដក់ មានប្រទេសចូលរួមចំនួន១០ ហើយកម្ពុជាយើងមានកីឡាករ កីឡាការិនីសរុប៣០នាក់ ក្នុងនោះកីឡាករ១៨នាក់ និងកីឡាការិនី១២នាក់ ដោយចូលរួមក្នុងគ្រប់វិញ្ញាសា ទាំងឈិនឡូន និងសីដក់។ កីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានមេដាយមាស៤វិញ្ញាសា ប្រាក់១ និងសំរឹទ្ធ៨វិញ្ញាសា លើប្រភេទកីឡាសីដក់ និងឈិនឡូន៕
ប្រភព៖ ក្រសួងព័ត៌មាន