ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣–កម្ពុជា-កូរ៉េ សន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្រ្ត (Landmark)នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ការសន្យាទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តែងការគួរសម និង ពិភាក្សាការងារ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ KIM Kyung Hee អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែល លោកជំទាវ បានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-កូរ៉េ និងអំពីកិច្ចពិគ្រោះយោបល់គោលនយោបាយស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ពីសាធារណរដ្ឋ កូរ៉េ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកជំទាវ KIM Kyung Hee តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្តងទៀត ដើម្បីធ្វើជាសហប្រធានជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចពិគ្រោះយោបល់គោលនយោបាយ ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៣ ។ ភាគីទាំងពីរនឹងធ្វើការពិនិត្យ និងពិភាក្សារួមគ្នាលើគោលនយោបាយ, យុទ្ធសាស្ត្រភាពជាដៃគូ, និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ជា អាទិភាព ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោយធ្វើការផ្លាស់ប្តូរយោបល់, ទស្សនទាន, ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា ក្នុងយន្តការភាពជាដៃគូលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance-ODA) របស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF/ Korea Eximbank) ដើម្បីសម្រេចនូវការឯកភាពគ្នាជាគោលការណ៍ ដោយត្រូវចុះហត្ថលេខារួមគ្នាលើឯកសារកំណត់ហេតុ (Aide Memoire of 2023 EDCF Policy Dialogue) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លាន ដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ចំនួន២៤៥ ៩០៩ ០០០ លានដុល្លារអាម៉េរិក ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ភាគីមិត្ត និងជាការរឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្តផងដែរថា ផ្អែកតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រឱ្យមានការសិក្សាគម្រោងគមនាគមន៍នានា ដែលជាការតភ្ជាប់ជាមួយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅប៉ែកខាងកើតរាជធានីភ្នំពេញផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមសម្តែងនូវមោទនភាព ចំពោះប្រទេសកម្ពុជាជាប្រទេសឈនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង ១០ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយEDCF។គិតចាប់ពីឆ្នាំ២០០១មកដល់ដំណាច់ឆ្នាំ២០២២, ភាគីកូរ៉េបានសន្យាផ្តល់ ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០លានដុល្លារអាម៉េរិក។ ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១ ៦០០ លាន ដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង១ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ផ្អែកតាម វិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ,សុខាភិបាល, ថាមពល,ធារាសាស្រ្ត, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ជូនពរឱ្យកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ (EDCF Policy Dialogue) នារសៀលថ្ងៃដដែល រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងពីរ ទទួលបានផ្លែផ្កា និងសម្រេចបាននូវបញ្ជីបេក្ខភាពគម្រោងអភិវឌ្ឍន៍រួមគ្នាមួយ ដែលស្របនឹងទៅនឹងគោល-នយោបាយអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍នានារបស់កម្ពុជា ជាពិសេស ភាពប្រទាក់ក្រឡាទៅនឹងចក្ខុវិស័យនៃយុទ្ធសាស្រ្តបញ្ចកោណសម្រាប់អាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រៀមដាក់ចេញ ឆាប់ៗខាងមុខ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ KIM Kyung Hee និង គណៈប្រតិភូ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ៕
ប្រភព៖ ក្រសួងព័ត៌មាន