អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសឺរ កាណានី ចាហ្វ៊ី (Nasser Kanani Chafi) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរសារគ្នា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់តាមរយៈអន្តរការី។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីអ្នកការទូតរូបនេះដែលបាននិយាយថា « ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរសារគ្នាតាមរយៈអន្តរការី។ ដំណើរទស្សនកិច្ចរបស់អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក រ៉ាហ្វ៊ែល ហ្គោសស៊ី (Rafael Grossi) គឺជាផ្នែកមួយនៃដំណើរការនៃការវិលត្រឡប់មកវិញរបស់ភាគីទាំងអស់ឱ្យគោរពតាមបទប្បញ្ញត្តិនៃផែនការសកម្មភាពទូលំទូលាយរួម (JCPOA)»។
កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា អគ្គនាយក IAEA លោក Rafael Grossi បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់។
លោកបានជួបពិភាក្សាពីរជុំជាមួយលោក ម៉ូហាំម៉ាដ អេស្លាមី (Mohammad Eslami) នាយកអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ (AEOI) និងបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសសេន អាមៀរ-អាប់ដុលឡាហៀន (Hossein Amir-Abdollahian)។
លោក Grossi ក៏បានជួបពិភាក្សាផងដែរជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) កាលពីថ្ងៃសៅរ៍ផងដែរ។ ប្រមុខ IAEA បានសម្តែងការពេញចិត្តចំពោះវិធានការរួមដែលបានដំណើរការក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនាពេលនោះ៕
ប្រភព៖ ក្រសួងព័ត៌មាន