ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកប្រទេសជប៉ុនបានសហការជាមួយកម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយឡែកនាពេលបច្ចុប្បន្ននេះជប៉ុនបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជាក្នុងការរៀបចំមូលដ្ឋានគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សេងៗដូចជាច្បាប់សំណង់ គោលដៅនៃបច្ចេកវិទ្យាសំណង់ ឧបករណ៍ដែលទទួលប្រព័ន្ធ GPS និងឧបករណ៍ផ្សេងៗទៀតសម្រាប់វិស័យសំណង់ និងសហការក្នុងការចុះបញ្ជីដីធ្លី។ ការលើក ឡើងរបស់ឯកឧត្ដមឯកអគ្គរាជទូតថ្មីនេះ ក្នុងឱកាសអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងរៀបចំដែនដី។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីការចូលរួមអបអរសាទរចំពោះការរៀបចំដោយជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមកនេះ។ ឯកឧត្តមឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះវិធានការទប់ស្កាត់វីរុសកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យហើយឯកឧត្តមទទួលស្គាល់ថានៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩តិចតួចប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមឯកអគ្គរាជទូតកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យនិងមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ហើយឯកឧត្តមពិតជាមានក្តីរីករាយដែលបានបំពេញការងារជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃប្រទេសជប៉ុនប្រចាំកម្ពុជាដែលជាប្រទេសមួយមានទំនាក់ទំនងការទូតល្អប្រសើរជាមួយប្រទេសជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ថ្មីៗនេះកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលជោគជ័យនេះគឺអាស្រ័យដោយកម្ពុជារៀបចំរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ និងវិធានការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទើបធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាននេះអាចដំណើរការដោយរលូននិងធានាសុវត្ថិភាពពីការឆ្លងជំងឺរាតត្បាតដល់គណៈប្រតិភូដែលបានមកចូលរួម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា នេះគឺជាជោគជ័យមួយក្នុងយុទ្ធសាស្ត្រទប់ស្កាត់វីរុសកូវីដ១៩ ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន UENO Atsushi បានអះអាងដែរថា ប្រទេសជប៉ុននិងកម្ពុជាបានកសាងនូវជំនឿទុកចិត្តដ៏រឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានិងដំណើរការកសាងប្រទេសឡើងវិញ។ ឯកឧត្ដមក៏បាន បង្ហាញពីក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ត្រូវបានលើកកម្ពស់ទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។ ក្នុងនាមជាឯកអគ្គរាជទូត ឯកឧត្តមមានបំណងចង់ធ្វើទស្សនកិច្ចនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជានិងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងនោះដោយផ្ដោតសំខាន់ទៅលើការយល់ដឹងអំពីសង្គមនិងវប្បធម៌របស់ប្រទេសកម្ពុជាថែមទៀតផង។
ក្នុងឱកាសនោះដែរ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ទំនុកចិត្តលើប្រទេសជប៉ុន និងបានពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជានិងជប៉ុន ហើយជប៉ុននឹងនៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាបន្តទៀតផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន