រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជិត ៣០០ ០០០ នាក់។ រោងចក្រ នេះមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងម៉ាស៊ីនផលិតអុកស៊ីសែន ដែលស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ក្នុងខេត្ដព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាឯកឧត្ដម W. Patrick Murphy មានប្រសាសន៍ថា ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗដូចជាការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបញ្ជាក់ថា៖ «វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារនៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺរាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង»។
អគារ និងម៉ាស៊ីនផលិតអុកស៊ីសែននេះគឺជាទីតាំងដំបូងគេនៅក្នុងខេត្តព្រះវិហារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើដល់ស្រុកចំនួន៧ ដែលមានប្រជាជនប្រមាណ ២៨៤ ០០០នាក់។ បន្ថែមពីលើការផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺ COVID-19 ការផ្គត់ផ្គង់អុកស៊ីសែនដែលអាចជឿទុកចិត្តនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ដែលពឹងផ្អែកលើសេវាព្យាបាលរបស់មន្ទីរពេទ្យ។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិតនិងសេចក្តីស្លាប់។ នេះជាមូលហេតុដែលអង្គការយូនីសេហ្វកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋារចនាសម្ព័ន្ធទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់។ លោកស្រីបន្ថែមថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក និងជាពិសេសទីភ្នាក់ងារ USAID សម្រាប់ជំនួយម៉ាស៊ីនផលិតអុកស៊ីសែនថ្មីសម្រាប់សង្គ្រោះជីវិតនេះដែលនឹងជួយលើកកម្ពស់ សុខភាពថ្ងៃនេះ និងបង្កើតភាពធន់ចំពោះបញ្ហាប្រឈមនៅថ្ងៃអនាគត»។
សូមជម្រាបជូនថា ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន៣០០ លីត្រក្នុងមួយនាទី (LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អុកស៊ីសែនរបស់មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះនឹងជួយមន្ទីរពេទ្យឈប់ទិញបំពង់អុកស៊ីសែនពីអ្នកផ្គត់ផ្គង់ឯកជនបញ្ជូនបំពង់អុកស៊ីសែនរបស់ខ្លួនទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់បំពេញឡើងវិញទ្បើយ។ ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលាថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែនដែលបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ ៕
ប្រភព៖ ក្រសួងព័ត៌មាន