បន្ទាប់ពីអាជ្ញាធរបានចាប់មេដឹកនាំសហជីពពាណិជ្ជកម្ម ការិយាល័យប្រធានាធិបតី ដែលទើបឈ្នះការបោះឆ្នោត ក្នុងរដ្ឋសភា កាលពីថ្ងៃទី២០ ខែកក្កដា បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា លោក Ranil Wickremesinghe បានអញ្ជើញសមាជិកសភាជាផ្លូវការឱ្យចូលរួមជាមួយរដ្ឋាភិបាលឯកភាពគ្រប់ភាគី ដើម្បីស្តារសេដ្ឋកិច្ច ដែលក្ស័យធនដោយធ្វើកំណែទម្រង់ដោយបង្ខំចិត្ត។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រធានាធិបតីថ្មីរបស់ស្រីលង្កា លោក Wickremesinghe បានចូលកាន់តំណែងនៅដើមខែនេះ បន្ទាប់ពីកំហឹងជាសាធារណៈ ចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសកោះនេះ បានបង្ខំឱ្យអ្នកកាន់តំណែងមុន លោក Gotabaya Rajapaksa ភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី ដើម្បីរម្ងាប់កំហឹងមហាជន។
លោក Wickremesinghe ត្រូវបានដកស្រង់សម្តី ដែលទូលប្រគេនដល់ព្រះសង្ឃ ក្នុងការជួបជាលើកដំបូងរបស់លោកជាមួយបព្វជិតពុទ្ធសាសនាដ៏មានឥទ្ធិពល ចាប់តាំងពីឡើងកាន់តំណែងថា ៖«ក្នុងនាមជាប្រធានាធិបតី ខ្ញុំព្រះករុណាចង់ចាប់ផ្តើមដំណើរផ្លូវថ្មី»។
លោកប្រធានាធិបតី បានបន្តថា៖ «ខ្ញុំព្រះករុណា ខ្ញុំបាទ ចង់ឱ្យគ្រប់ភាគីរួមគ្នាធ្វើដំណើរ ក្នុងផ្លូវនោះ ព្រមទាំងបង្កើតរដ្ឋាភិបាលពីគ្រប់ភាគី»។
លោកបានសរសេរទៅកាន់សមាជិកសភាទាំងអស់សុំឱ្យចូលរួមក្នុងរដ្ឋាភិបាលឯកភាព។ អតីតសមាជិកសភាបក្សប្រឆាំងលោក Wickremesinghe វ័យ ៧៣ឆ្នាំ បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាលើកទី៦ នៅក្នុងខែឧសភា បន្ទាប់ពីបងប្រុសរបស់លោក Rajapaksa លោក Mahinda បានលាលែងពីតំណែង។
លោក Wickremesinghe បានឡើងកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីលោក Gotabaya បានរត់គេចខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា នៅពេលដែលក្រុមបាតុកររាប់ម៉ឺននាក់ ដែលខឹងសម្បា ចំពោះវិបត្តិសេដ្ឋកិច្ច បានសម្រុកចូលវិមានប្រធានាធិបតី។
គាត់បានភៀសខ្លួនទៅសិង្ហបុរីពីកន្លែង ដែលគាត់បានលាលែងពីតំណែង នៅ ៥ថ្ងៃក្រោយមក ហើយលោក Wickremesinghe បានក្លាយជាប្រធានាធិបតីបណ្តោះអាសន្ន និងក្រោយមកបានឈ្នះការបោះឆ្នោតនៅក្នុងសភា ដែលបញ្ជាក់អះអាងពីការឡើងកាន់អំណាចរបស់លោក។
ប្រជាជនចំនួន ២២លាននាក់របស់ប្រទេសស្រីលង្កា បានស៊ូទ្រាំនឹងការដាច់ភ្លើងរយៈពេលជាច្រើនខែ អត្រាអតិផរណា និងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ចាប់តាំងពីចុងឆ្នាំមុន ប្រទេសនេះបានអស់ការដោះដូររូបិយប័ណ្ណបរទេស ដើម្បីផ្តល់ហិរញ្ញប្បទាន សូម្បីតែការនាំចូលដ៏សំខាន់បំផុតក៏ដោយ។
កាលពីខែមេសា ប្រទេសស្រីលង្កាបានជំពាក់បំណុលបរទេសចំនួន $៥១ពាន់លាន ហើយបានបើកកិច្ចពិភាក្សាថវិកាសង្គ្រោះជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ៕
ប្រភព៖ Phnom Penh Post