ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារអបអរសាទរព្រះអង្គឆាលស៍ ទី៣ (CHARLES III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសជាផ្លូវការថា ជាព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងថ្មីៗនេះ។
ព្រះអង្គមានព្រះបន្ទូលក្នុងព្រះរាជសារចុះថ្ងៃទី ១២ ខែកញ្ញា ជាភាសាអង់គ្លេសដែលមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រកាសជាផ្លូវការដោយក្រុមប្រឹក្សារាជសម្បត្តិថា ទ្រង់គឺជាព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតនិងជូនពរសព្វសារធុការសម្រាប់ប្រទេសរបស់ទ្រង់សម្រាប់វិបុលភាពដ៏អស្ចារ្យនិងសេចក្តីសុខក្សេមក្សាន្ត»។
ព្រះអង្គជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំង ២ និងប្រជាជននៃប្រទេសទាំង ២ នឹងបន្តរីកចម្រើនក្រោមរជ្ជកាលរបស់ ឆាលស៍ ទី៣។
ព្រះអង្គ ឆាលស៍ ទី៣ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសថា ជាព្រះមហាក្សត្រថ្មី កាលពីថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) នៃចក្រភពអង់គ្លេសដែលបានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សាកាលពីថ្ងៃទី ៨ ខែកញ្ញា។
ប្រភព៖ Phnom Penh Post