ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ABD) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លូនសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក មកត្រឹម ៤,៦ ភាគរយ នៅឆ្នាំនេះ ដោយសារតែការថយចុះសេដ្ឋកិច្ចរបស់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ការរឹតបន្ទឹងរូបិយវត្ថុកាន់តែខ្លាំងក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងផលវិបាកដែលបណ្ដាលមកពីការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ ទស្សនវិស័យធ្វើឱ្យមានប្រែប្រួលពីការព្យាករ 5.2% ដែលចេញដោយ (ADB) កាលពីខែមេសា។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់អតិផរណាក្នុងតំបន់ ខណៈពេលដែលតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកាន់តែឡើងខ្ពស់។
ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកំពុងបន្តការងើបឡើងវិញរបស់ខ្លួន ពីជំងឺរាតត្បាត កូវីដ១៩ នេះបើយោងតាមរបាយការណ៍បំពេញបន្ថែម ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី សម្រាប់ឆ្នាំ ២០២២) ដែលចេញផ្សាយនៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2022។ ប្រទេសជាច្រើនកំពុងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដើម្បីពង្រឹងសកម្មភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចបានថយចុះនៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់ ដោយសារតែការរំខានពីការបិទច្រកព្រំដែនមួយចំនួនសារជាថ្មីដោយសារកូវីដ១៩ ព្រមទាំងតម្រូវការសកលដែលបានថយចុះ។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា “ផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាតបានធ្លាក់ចុះភាគច្រើននៅក្នុងតំបន់អាស៊ី ប៉ុន្តែយើងនៅឆ្ងាយពីការងើបឡើងវិញពេញលេញ និងប្រកបដោយនិរន្តរភាព ។ ក្រៅពីកំណើនសេដ្ឋកិច្ចថយចុះនៅសាធារណៈរដ្ឋប្រជាមានិតចិន ឥទ្ធិពលនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន បានបន្ថែមសម្ពាធអតិផរណាដែលបណ្តាលឱ្យធនាគារកណ្តាលនៅជុំវិញពិភពលោកដំឡើងអត្រាការប្រាក់ជាហេតុនាំឱ្យកំណើនសេដ្ឋកិច្ចថយចុះ។ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយ ភាពមិនប្រាកដប្រជាជាសកលទាំងអស់នេះ ដែលបន្តបង្កហានិភ័យដល់ការងើបឡើងវិញនៅក្នុងតំបន់។”
សេដ្ឋកិច្ចរបស់សាធារណៈរដ្ឋប្រជាមានិតចិន កើនបាន ៤,0% ក្នុងឆ្នាំនេះ ធៀបនឹងការព្យាករ ពីមុន ៥,0%។ ADB ក៏បានទម្លាក់ទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌាមកត្រឹមតែ ៧,២% ពី ៧,៥% ដោយសារមានអតិផរណាខ្ពស់ជាងការរំពឹងទុក និងការរឹតបន្តឹងរូបិយវត្ថុ។
អតិផរណានៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងកើនឡើងដល់ ៤,២% នៅឆ្នាំនេះ ធៀបនឹងការព្យាករពីមុន ៣,៧%។ ទោះជាយ៉ាងណាក៏ដោយសម្ពាធអតិផរណានៅក្នុង តំបន់ទាំងមូលនៅតែទាបជាងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។
សម្រាប់ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកមកត្រឹម ៥,២% ពី ៥,៣% ខណៈដែលបង្កើនការព្យាករអតិផរណាកើនដល់ ៣,៥% ពី ៣,១%។
ការព្យាករកំណើនសម្រាប់អនុតំបន់មួយចំនួនត្រូវបានកែប្រែ។ ទស្សនវិស័យសម្រាប់អាស៊ីអាគ្នេយ៍ ត្រូវបានដំឡើងដល់ ៥,0% នៅឆ្នាំនេះពី ៤,៩% ដោយសារមានការកើនឡើងនៃតម្រូវការក្នុងស្រុក បណ្តាលមកពីការរឹតត្បិតកូវីដ១៩ កាន់តែធូរស្រាល។ ការព្យាករសម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានដំឡើងដល់ ៣,៨% ពី ៣,៦% ដោយសារប្រទេសមួយចំនួននៅក្នុងតំបន់អាចទប់ទល់ នឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានល្អជាងការរំពឹងទុក។ នៅក្នុងតំបន់ ប៉ាស៊ីហ្វិក ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នៅហ្វីជី បានជួយឱ្យទស្សនវិស័យកំណើននៃតំបន់ នេះមានការកើនឡើងដល់ ៤,៧% ពី ៣,៩% ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ ធនាគារនេះបង្កើត ឡើងនៅឆ្នាំ ១៩៦៦ ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ។
ប្រភព៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank)