ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម ពិភាក្សាការងារ
នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងខេត្តព្រះសីហនុ។
លោក ហ៊ូ វៃ (HUWEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលមានអ្នកវិនិយោគ និងអ្នកទេសចរចិន បានមកធ្វើការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វាបានផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងមានទំនាក់ទំនងល្អ ពិសេសផ្នែកពាណិជ្ជកម្មកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាព អន្តរជាតិរវាងខេត្តព្រះសីហនុ និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងជាខេត្តក្រុងចំនួន១៨ ក្នុងនោះខេត្តក្រុងចំនួន១៤ បានបង្កើតជាសម្ព័ន្ធភាពជាខេត្តក្រុងបងប្អូន ដោយឡែកនៅខេត្តក្រុងចំនួន៤ទៀត កំពុងធ្វើការទំនាក់ទំនងជិតស្និទ្ធ ដើម្បីឈានទៅដល់ការចុះហត្ថលេខាផ្លូវការសម្រាប់សម្ព័ន្ធភាពបងប្អូននាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលពីរឆ្នាំដែលកម្ពុជា ក៏ដូចខេត្តព្រះសីហនុ ជួបប្រទះផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ក្នុងនោះខេត្តព្រះសីហនុ បានទទួលការគាំទ្រពីមិត្តចិនដែលបានផ្ដល់ជាសម្ភារៈ ឧបករណ៍ និងថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈបុគ្គល និងតាមសមាគមខេត្តជាំងស៊ូ ជាបន្តបន្ទាប់ សកម្មភាពទាំងនេះគឺបានបង្ហាញពីទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក និងសូមអរគុណដល់ថ្នាក់ដឹកនាំចិន អ្នកទេសចរ និងអ្នកវិនិយោគចិនដែលជួយអភិវឌ្ឍនៅខេត្តព្រះសីហនុ៕
សំបុកសត្វកុកពាក់អំបោះញាស់កូនបានចំនួនខ្ពស់បំផុតនៅដែនជម្រកសត្វព្រៃលំផាត់នៅក្នុងឆ្នាំ២០២១
ក្រុមការងារស្រាវជ្រាវ បានបង្ហាញថាបានរកឃើញសំបុកសត្វកុកពាក់អំបោះនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួន ៨ សំបុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ លទ្ធផលស្រាវជ្រាវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដោយអង្គការ Bird Life In Cambodia និងបានបញ្ជាក់ថាក្នុងឆ្នាំ២០២១ កូនសត្វដែលញាស់បានជោគជ័យ ជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
លទ្ធផលពងកូនសត្វកុកពាក់អំបោះ នៅដែនជម្រកសត្វព្រៃលំផាត់ ដែលមានទីតាំងក្នុងភូមិសាស្រ្តខេត្តរតនគីរី និងមណ្ឌលគីរី រយះពេល៥ឆ្នាំចុងក្រោយ ដោយចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះបានកត់ត្រាបាន ៨ សំបុក និងកូនញាស់ជោគជ័យបានត្រឹមតែ ៥ក្បាល។
សូមបញ្ជាក់ថា កុកពាក់អំបោះត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។
បក្សីប្រភេទនេះត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះ សំបុកសត្វកុកពាក់អំបោះចំនួន ៩ សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដោយក្រុមការងាររបស់យើង។ សំបុកសត្វទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍន៍របស់វា និងការពារពីការរំខាននានា។
សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក៕
ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស វិជ្ជមានកូវីដ១៩
វិមាន Buckingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស តេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ ដែលមានព្រះជន្ម ៩៥ព្រះវស្សាទៅហើយនោះ កំពុងមានអាការៈស្រាលដូចជាជំងឺផ្តាសាយ ប៉ុន្តែត្រូវបានគេរំពឹងថា ទ្រង់នឹងបន្តបំពេញព្រះរាជកិច្ចរបស់ទ្រង់នៅ Windsor នាសប្តាហ៍ក្រោយ។
ទ្រង់នឹងបន្តទទួលបានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រហើយនឹងធ្វើតាមការណែនាំសមស្របទាំងអស់។ គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីចក្រភពអង់គ្លេសប្រារព្ធពិធីអបអរសាទរការឡើងគ្រងរាជសម្បត្តិ រយៈពេល ៧០ឆ្នាំគត់របស់ទ្រង់ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈកន្លងទៅ។