1. អាមេរិកបានព្យាយាមបញ្ចុះបញ្ចូល មិនឱ្យប្រធានាធិបតីប្រេស៉ីល ធ្វើទស្សនកិច្ចនៅកាន់ប្រទេសរុស្ស៉ី
នៅថ្ងៃសៅរ៍សប្តាហ៍នេះ នៅប្រទេសរុស្ស៉ី ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងក្រុមប្រទេសលោកខាងលិច ស្ថិតក្នុងភាពមិនចុះសម្រុងជាមួយគ្នាជាមួយទីក្រុងម៉ូស្គូ ទៅលើបញ្ហាអ៊ុយក្រែន។ ប្រេស៉ីលបានចេញមុខឆ្លើយតបទៅសហរដ្ឋអាមេរិកវិញ ចំពោះការរិះគន់ជុំវិញដំណើរបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
សហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូល មិនឱ្យលោក Bolsonaro ធ្វើទស្សនកិច្ចនៅកាន់ប្រទេសរុស្ស៉ី ខណៈដែលរុស្ស៉ីបានប្រមូលផ្តុំកម្លាំងទ័ព នៅក្បែរព្រំប្រទល់អ៊ុយក្រែន ជាហេតុនាំឱ្យទីក្រុងវ៉ាស៉ីនតោនព្រមានហើយព្រមានទៀតអំពី លទ្ធភាពនៃការឈ្លានពានលើអ៊ុយក្រែនដោយរុស្ស៉ី។ ទោះជាបែបនេះក្តី លោកប្រធានាធិបតីប្រេស៉ីល នៅតែទៅជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានបង្ហាញពីសាមគ្គីភាព របស់ប្រេស៉ីលជាមួយរុស្ស៉ីថែមទៀតផង។
2. ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»
នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ។
សម្រាប់កិច្ចប្រជុំមួយនេះត្រូវបានធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាចំណុចស្លូលដ៏សំខាន់មួយដើម្បីជម្រុញឪ្យមានកាន់តែមានភាពល្អប្រសើរទ្បើង ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។
3. តាមការសង្កេតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថារុស្ស៊ីពិតជាកំពុងត្រៀមវាយប្រហារលើអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថារឿងរ៉ាវទាំងឡាយដែលកំពុងកើតឡើងបានសរបញ្ជាក់ឪ្យឃើញថារុស្ស៊ីពិតជាកំពុងត្រៀមបើកការវាយប្រហារលើអ៊ុយក្រែន បើទោះបីជាទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើ ប្រទេសណាមួយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
លោក Antony Blinken ធ្វើការកត់សម្គាល់នៅចំណុចខាងលើនៅក្នុងតំបន់សម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Blinken បានមានប្រសាសន៍ថា «អ្វីដែលយើងកំពុងមើលឃើញ គឺបង្ហាញថារុស្ស៊ីអាចនឹងបើកការឈ្លានពាន។ ប៉ុន្តែយើងនឹងធ្វើអ្វីៗគ្រប់ៗយ៉ាងដើម្បីរារាំងកុំឱ្យវាកើតឡើង…ហើយយើងនឹងប្រើគ្រប់ឱកាសទាំងអស់ដើម្បីសាកល្បង ថាតើដំណោះស្រាយការទូត អាចរារាំងកុំឱ្យលោកប្រធានាធិបតី ពូទីន បោះជំហាននេះទៅមុខបានដែរ ឬក៏យ៉ាងណា»។
4. សេដ្ឋកិច្ចទីផ្សារអចលនទ្រព្យប្រទេសថៃកំពុងជួបប្រទះភាពយឺតយ៉ាវ ហើយនិងត្រូវពន្យាពេលដោយសារវីរុសប្រភេទថ្មីអូមីក្រុង
ក្នុងគ្រាដែលមានការផ្ទុះជំងឺសាជាថ្មី និងអតិផរណាខ្ពស់ ទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលថៃបានឱ្យដឹងថា ទីផ្សារអចនលទ្រព្យរបស់ប្រទេសថៃ អាចនឹងមិនវិលត្រលប់ទៅកាន់កម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩នោះទេរហូតដល់ឆ្នាំ២០២៤ ដោយសារតែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពយឺតយ៉ាវជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កាលពីខែវិច្ឆិកា ឆ្នាំមុន មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់រដ្ឋាភិបាលថៃបានព្យាករថា ទីផ្សារអចនលទ្រព្យថៃនឹងវិលមករកភាពប្រក្រតីវិញនៅឆ្នាំ២០២៣ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានកម្ចីទិញផ្ទះ ដើម្បីស្តារវិស័យសំខាន់មួយនេះឡើងវិញ ដែលវិស័យនេះមានចំណែកប្រហែល ១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ និងផ្តល់ការងារដល់ប្រជាជន ២,៨លាននាក់។
ប៉ុន្តែលោក Vichai Viratkapan ប្រធានមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បានថ្លែងថា ការផ្ទុះជំងឺកូវីដ-១៩ជាថ្មីដែលជំរុញដោយវីរុសប្រភេទថ្មីអូមីក្រុង ដែលបានកើតមានឡើងកាលពីឆ្នាំមុន បានធ្វើឱ្យសកម្មភាពក្នុងស្រុកមានភាពយឺតយ៉ាវ។
លោកក៏បានមានប្រសាសន៍ថា៖ «ការកើនឡើងអតិផរណា ក៏កំពុងប៉ះពាល់ដល់ប្រាក់ចំណូលនិងអំណាចទិញរបស់ប្រជាពលរដ្ឋផងដែរ»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អតិផរណាក្នុងប្រទេសថៃបានកើនឡើងដល់ ៣,២៣ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៩ខែនៅខែមករា។