គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ រួមជាមួយជនបរទេសដែលនៅកម្ពុជាប្រមាណជាង ១៣លាន៧សែននាក់ហើយ បានទទួលដូសមូលដ្ឋានគ្រប់ចំនួន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៧៩ ២០៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨២៩ ២០៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៧៩% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញវិញ សម្រេចចាក់ដូសទី៣បាន ចំនួន ៤ ៤៩១ ៩០៨ នាក់ ហើយចំនួន ៩៥ ៧៨៣ នាក់ បានចាក់ដូសទី៤។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៤ ៧២៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៤ ៦៥៨ នាក់ ដែលស្មើនឹង ៩៩.៣១% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៤ ២៦៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៣ ១៦៣ នាក់ ដែលស្មើនឹង ១០៥.៦៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៥ ៨២១៤៩៣ នាក់ សម្រាប់ដូសទី១ និងចំនួន ២៣៨ ៧៦៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៣.៦៧%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៤៦% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោក៕
ដោយ ផែន រតនៈ
ប្រភព៖ AKP News