យោងតាមសេចក្ដីប្រកាសព័តមានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ និង ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មាន កិច្ចប្រជុំគណកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១១ ក្រោមមូលបទ “សន្តិភាព វិបុលភាព និងការស្ដារឡើងវិញទាំងអស់គ្នា” នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមវប្បធម៌ កិច្ចសហប្រតិបត្តិការអនុតំបន់និងតំបន់ និងវិស័យផ្សេងៗទៀត។
រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធ ស្វែងរកមធ្យោបាយនានាដែលប្រកបដោយនវានុវត្ត ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជម្រុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា ថៃ។ លើសពីនេះទៅទៀត ភាគីទាំងពីរ ក៏បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធិជាមួយគ្នាដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩។
ជាមួយគ្នានេះដែរ ប្រទេសទាំងពីរមានទំនុកចិត្តអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេរភាគីចំនួន១៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៥។