នាវាចម្បាំង HMAS Anzac របស់ប្រទេសអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជា…
ប្រភព៖ AKP News
នាវាចម្បាំង HMAS Anzac របស់ប្រទេសអូស្ត្រាលី នឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាផ្នែកមួយនៃសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 (IPE 21)។
យោងតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះគឺជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារបរិបទនៃជំងឺកូវីដ-១៩។
នាវា HMAS Anzac នាំយកមកជាមួយនូវសម្ភារការពារផ្ទាល់ខ្លួន (PPE) និងសម្ភារវេជ្ជសាស្រ្ត មួយចំនួនទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងផ្តល់ជូនដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ដំណើរទស្សនកិច្ចនេះក៏ផ្តល់ឱកាសសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់អូស្ត្រាលី-កម្ពុជា និងផ្លាស់ប្តូរយោបល់គ្នាអំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡាញដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះផងដែរ។