អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា បណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ក្រោមមូលបទ «គុណតម្លៃ និងតួនាទីនៃប្រវត្តិសាស្ត្រយោធាក្នុងការពង្រឹង និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់» នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Videoconference និង មានការចូលរួមពីស្ថាប័នការពារជាតិ និងសន្តិសុខ ចំនួន១៣ ដែលមានសមាសភាពចូលរួមចំនួន៥២នាក់ មកពីប្រទេសជាសមាជិកអាស៊ាន រួមទាំងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវសុន្ទរកថាពិសេសស្ដីអំពីតម្លៃការសិក្សាអំពីប្រវត្តិសាស្ត្រយោធាក្នុងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងអំពីសារៈសំខាន់នៃការសិក្សាប្រវត្តិសាស្រ្តយោធាក្នុងការឆ្លុះបញ្ចាំងអំពីតួនាទីចម្បងរបស់កងទ័ព មិនត្រឹមតែក្នុងការធ្វើសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួម យ៉ាងសំខាន់ក្នុងការកសាងជាតិ និងពង្រឹងនិរន្តរភាពសន្តិភាព និងការអភិវឌ្ឍន៍ជាតិផងដែរ។ លោកបានបន្តថា ភាពជោគជ័យរបស់ប្រទេសជាសមាជិកអាស៊ានក្នុងការដោះស្រាយជម្លោះ និងការសម្រេចបាននូវឯកភាពជាតិ តាមរយៈតួនាទីជាយុទ្ធសាស្ត្ររបស់កងទ័ព គឺជាបរិបទដ៏សំខាន់ដែលគួរតែត្រូវបានបង្ហាញជាទស្សនៈវិស័យសម្រាប់ពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានទទួលស្គាល់អំពីសារសំខាន់សម្រាប់ការពិភាក្សាដោយបើកចំហ ក្នុងចំណោមប្រទេសសមាជិកអាស៊ានលើប្រធានបទនៃចំណាប់អារម្មណ៍រួម ដូចជា ប្រវត្តិសាស្ត្រយោធានេះ ដើម្បីបណ្តាប្រទេសក្នុងតំបន់អាចរៀនសូត្រពីគ្នាទៅវិញទៅមក ទាក់ទងនឹងវិធីសាស្រ្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការចូលរួមរបស់កងទ័ពក្នុងការកសាងជាតិ ក៏ដូចជាសាមគ្កីភាពក្នុងការស្វែងរក ផ្លូវឆ្ពោះទៅមុខសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីសន្តិភាព និងស្ថិរភាពជានិរន្តន៍ និងបានលើកឡើងពីអនុសាសន៍ណែនាំរបស់សម្ដេចពីជ័យសេនា ក្នុងកិច្ចការងារប្រវត្តិសាស្ត្រយោធាគឺ យើងត្រូវរៀនសូត្រអំពីប្រវត្តិសាស្ត្រ ហើយក៏ត្រូវបង្កើតប្រវត្តិសាស្ត្រដើម្បីអ្នកជំនាន់ក្រោយសិក្សាស្វែងយល់ផងដែរ។
សិក្ខាសាលា ខាងលើនេះមានវត្ថុបំណងសំខាន់ចំនួន០៣ក្នុងការរៀបចំរួមមាន៖
*ទី១៖ ដើម្បីចែករំលែកនូវការអនុវត្តល្អៗ និងមេរៀនដែលបានសិក្សាទាក់ទងនឹងការចូលរួមកន្លងមករបស់កម្លាំងការពារជាតិក្នុងការដោះស្រាយទំនាស់ និងការផ្សះផ្សាសន្តិភាពនៅក្នុងតំបន់អាស៊ាន។
*ទី២៖ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការសន្ទនាបើកចំហក្នុងចំណោមប្រទេសជាសមាជិក NADI ដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍អំពីការរួមចំណែកជាប្រវត្តិសាស្ត្រ នៃការបង្កើតការការពារជាតិក្នុងអាស៊ាននីមួយៗចំពោះការគ្រប់គ្រងនិងការដោះស្រាយជម្លោះ និងការស្តារសន្តិភាពនិងសន្តិសុខផ្ទៃក្នុងឡើងវិញ។
*ទី៣៖ ដើម្បីស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិដែលមានសក្តានុពលដោយផ្អែកលើប្រវត្តិយោធារបស់រដ្ឋជាសមាជិកនីមួយៗក្នុងទិសដៅពង្រឹងសន្តិភាពនិង សន្តិសុខនៅក្នុងតំបន់បន្ថែមទៀត។
សិក្ខាសាលាក៏មានការចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាជាច្រើនពីបណ្តាស្ថាប័នការពារជាតិ និងសន្តិសុខ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន លើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖
*ទី១៖ តួនាទីនៃប្រវត្តិសាស្ត្រយោធា និងសារៈសំខាន់របស់ប្រវត្តិសាស្រ្តយោធាក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់
*ទី២៖ ការស្វែងរកវិធីសាស្រ្តថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិតឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការសិក្សាប្រវត្តិយោធា
*ទី៣៖ ការពឹងផ្អែកទៅលើប្រវត្តិសាស្រ្តយោធា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តក្នុងចំណោមស្ថាប័នការពារជាតិអាស៊ាន។
ឆ្លុះបញ្ចាំងពីបទបង្ហាញ និងការពិភាក្សាក្នុងសិក្ខាសាលាអ្នកចូលទាំងអស់បានទទួលស្គាល់ថា ការយល់ដឹងអំពីប្រវត្តិសាស្ត្រយោធាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់តំបន់ ក្នុងការធ្វើឱ្យមានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
ទន្ទឹមនឹងនេះដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រយោធាសិក្ខាសាលាមើលឃើញថា តួនាទីរបស់យោធាមិនមែនគ្រាន់តែជាឧបករណ៍ធ្វើសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែយោធាក៏ជាតួអង្គសំខាន់នៃសន្តិភាព និងការកសាងអត្តសញ្ញាណជាតិ ផងដែរ។ ប្រទេសមួយចំនួនដែលមានចូលរួមក្នុងសិក្ខាសាលា បានបង្ហាញអំពីការរៀបចំប្រវត្តិសាស្ត្រយោធារបស់ខ្លួន ក៏ដូចជាប្រវត្តិនៃកងទ័ពរបស់ខ្លួនផងដែរ ដែលកិច្ចការងារទាំងអស់នេះត្រូវបានថែរក្សា និងបានរៀបចំឲ្យ ទៅជាការសិក្សា និងការបង្វឹកហាត់ដល់នាយទាហានវ័យក្មេង ដើម្បីយល់ច្បាស់ពីប្រវត្តិសាស្ត្រក្នុងទិសដៅការពារអធិបតេយ្យភាពជាតិ និងការបន្តថែរក្សាសន្តិសុខក្នុងប្រទេសរបស់ខ្លួន និងក្នុងតំបន់។
ជាមួយគ្នានេះប្រទេសនីមួយៗក្នុងតំបន់អាស៊ានដែលបានចូលរួមសិក្ខាសាលាមានប្រវត្តិសាស្ត្រខុសៗគ្នា ជាមួយគ្នានេះការលើកយកមកបង្ហាញក្នុងសិក្ខាសាលាក៏មានយុទ្ធវិធីខុសគ្នាផងដែរ ប៉ុន្តែអ្វីដែលកត់សម្គាល់បានជាចំណុចរួម គឺប្រទេសនីមួយៗសុទ្ធសឹងតែមានការសិក្សាអំពីប្រវត្តិសាស្ត្រយោធា និងការទាញយកនូវគុណតម្លៃអំពីប្រវត្តិសាស្ត្រក្នុងការកសាងស្មារតីជាតិ អត្តសញ្ញាណជាតិ ក៏ដូចជារៀបចំនូវប្រៀបការពារជាតិសម្រាប់ ប្រទេសនីមួយៗឲ្យមានការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់។
តាមរយៈសិក្ខាសាលាលើប្រធានបទ តម្លៃ និងតួនាទីប្រវត្តិសាស្ត្រយោធា ក្នុងការពង្រឹង និងការពារសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នេះ ក្រុមការងាររៀបចំសិក្ខាសាលា មានការរំពឹងទុកខ្ពស់ថាប្រធានបទនេះ នឹងអាចលើកជាគំនិតពិចារណាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះខាងមុខនេះផងដែរ៕
ប្រភព៖ CPP News