ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធ Video Conference ជាមួយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យ ធនាគារពិភពលោកប្រចាំកម្ពុជា បានអបអរសាទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនតាមគោលដៅ ក្នុងល្បឿនលឿន និងអាចធ្វើឱ្យកម្ពុជា ចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមគន្លងថ្មីក្នុងពេលដ៏ឆាប់ខាងមុខ។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកជំទាវ ទើបបានចូលបំពេញ ភារកិច្ចកាលពីពេលថ្មីៗនេះ ។
ឯកឧត្តមរដ្ឋមន្រ្តី វង្សី វិស្សុត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន របស់លោកជំទាវ Maryam Salim ដែលទើបត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ។
ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូក៏បានជម្រាបលោកស្រីប្រធានគ្រប់គ្រងថ្មី អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការដាក់ចេញនូវវិធានការអន្តរាគមន៍ខាងផ្នែកសេដ្ឋកិច្ច និងសង្គមជាបន្តបន្ទាប់ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងការរក្សាលំនឹងធុរកិច្ច ព្រមទាំងការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ និងឱកាសរកប្រាក់ចំណូល ហើយធ្លាក់ខ្លួនចូលទៅក្នុងភាពក្រីក្រវិញ ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូក៏បានបន្ថែមទៀតថា ក្នុងបរិការណ៍វិបត្ដិសកល ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកគួររួមគ្នាធ្វើវិចារណកម្មឡើងវិញ លើឯកសារក្របខណ្ឌភាពជាដៃគូ Country Partnership Framework 2019-2023 ដើម្បីធានាភាពឆ្លើយតប ទៅនឹងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោក ក៏ដូចកម្ពុជាត្រូវរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេស ដើម្បីសម្របតាមផែនការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនឹងដាក់ចេញ ក្នុងពេលឆាប់ៗនេះផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូក៏បានស្នើឱ្យមានការរៀបចំសិក្ខាសាលារួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ដើម្បីពិនិត្យ និងវាយតម្លៃរួមគ្នាលើតម្រូវការរបស់កម្ពុជា និងការធ្វើបច្ចុប្បន្នកម្មឯកសារ Country Partnership Framework នេះផងដែរ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូក៏បានជម្រាបលោកស្រីប្រធាន អំពីផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្ដិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ តាមរយៈអភិក្រមចំនួន ៣ រួមមាន៖
១/ ការរស់ឡើងវិញ និងរស់រានមានជីវិត៖ ដោយគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សា ឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជនព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ
២/ កំណែទម្រង់ ៖ ប្រែក្លាយវិបត្តិ ទៅជាឱកាសដោយបង្កើនការ ធ្វើពិពិធកម្មនិងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេស តាមរយៈការធ្វើឌីជីថលនីយកម្ម និង
៣/ ពង្រឹងភាពធន់ ៖ តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនធានមនុស្ស រួមទាំងប្រព័ន្ធ សុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹង បញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត ។
លោកជំទាវ Maryam Salim ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ចនៅប្រទេសកម្ពុជា សាជាថ្មីម្ដងទៀត ក្រោយរយៈពេល ២០ ឆ្នាំ ដែលលោកស្រីបានមកកម្ពុជាដំបូង។
លោកជំទាវបានការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលសម្រេចបាន នូវសមិទ្ធផល ផ្លែផ្កាជាច្រើនទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសការដាក់ចេញនូវគោលនយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធការពារ សុខភាពអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន តាមរយៈកម្មវិធីគាំពារសង្គម ដែលឆ្លើយតបចំគោលដៅ។
លោកជំទាវក៏បានជម្រាបជូនបន្ថែមថា បច្ចុប្បន្នធនាគារពិភពលោក បានកំពុងរៀបចំធ្វើ Performance and Learning Review (PLR) ទៅលើឯកសារ Country Partnership Framework 2019-2023 សំដៅកែលម្អ និងតម្រង់ទិសជាយុទ្ធសាស្ត្រ គម្រោងដែលត្រៀមចាប់ផ្តើមអនុវត្ត ឱ្យកាន់តែឆ្លើយតបតាមកម្មវិធីផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងសូមគាំទ្រលើសំណើរបស់លោករដ្ឋមន្រ្តីប្រតិភូ លើការងារសិក្ខាសាលា ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពរួមគ្នាលើឯកសារនេះ ក្នុងគោលបំណងឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់កម្ពុជា ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្ដីប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចការងារខាងលើនេះ និងចាត់ទុកធនាគារ ពិភពលោក ជាធនាគារនៃចំណេះដឹង ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញ ក្នុងការអភិវឌ្ឍគ្រប់វិស័យ។ ជំនួយបច្ចេកទេស (Technical Assistance) និងជំនួយប្រឹក្សាយោបល់ (Advisory Assistance) ពីធនាគារពិភពលោក នៅតែជាកត្តា សំខាន់មិនអាចខ្វះបានក្នុងការ អភិវឌ្ឍប្រទេសកម្ពុជា និងធនធានមនុស្ស។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្ដីសំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរ ធនធានជាហិរញ្ញប្បទានឥតសំណងសម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍ និង គាំពារសង្គម ដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩ និងលើកកម្ពស់ការផ្សារភ្ជាប់លើ ជំនួយបច្ចេកទេសនេះ ជាមួយនឹងការរៀបចំ គម្រោងជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាថ្មីម្តងទៀត ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការដ៏ល្អ និងស្វាគមន៍ ចំពោះការចូលរួមចំណែក របស់ធនាគារពិភពលោក និងជឿជាក់ថា យ៉ាងមុតមាំថា បេសកកម្មការងារ របស់លោកជំទាវនឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោក ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ប្រភព៖ CPP News