ជីវប្រវត្តិរបស់លោក ហ្វូមីអូ គីស៊ីដា
លោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេបោះឆ្នោតជាអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាពេលថ្មីៗនេះ។ តើលោក គីស៊ីដា មានជីវប្រវត្តិបែបណា?
លោក គីស៊ីដា កើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៧ នៅក្រុងហ៊ីរ៉ូស្ហីម៉ា ដែលបច្ចុប្បន្ន លោកមានអាយុ ៦៤ឆ្នាំ។ ឪពុក និងជីតារបស់លោក សុទ្ធតែធ្លាប់ធ្វើជាសមាជិកសភាជប៉ុន។ នៅឆ្នាំ ១៩៦៣ ឳពុករបស់លោក ត្រូវបានរដ្ឋាភិបាលតែងតាំងឲ្យក្លាយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក។
លោក គីស៊ីដា បានបញ្ចប់ការសិក្សានៅសាលាច្បាប់ នៃសាកលវិទ្យាល័យ វ៉ាសិដា ក្នុងឆ្នាំ១៩៨២ និង បានក្លាយជាលេខាធិការនៃសមាជិកសភាជាន់ខ្ពស់ នៅឆ្នាំ១៩៨៧។ លោកបានរៀបអាពាហ៍ពិពាហ៍ និងមានកូនប្រុសចំនួន បីនាក់ ក្នុងនោះកូនប្រុសម្នាក់ឈ្មោះ Shotaro អាយុ ៣០ឆ្នាំ កំពុងដើរតាមមាគ៌ានយោបាយដូចលោកដែរ។ លោក គឺជាអ្នកនយោបាយជើងចាស់មួយរូប ដែលជាប់ជាតំណាងរាស្រ្តតាំងពីឆ្នាំ ១៩៩៣ ដែលនេះជាការបន្តមរតកពីជីតា និងឳពុករបស់លោក។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៧ លោក គីស៊ីដា ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋាភិបាលរបស់លោក ស្ហីនហ្ស៉ូ អាបេ ។ លើសពីនេះ លោកធ្លាប់បានកាន់ដំណែងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀត នៅក្នុងជួររដ្ឋាភិបាល។ ហើយលោកនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុននាការបោះឆ្នោតក្នុងសភានៅថ្ងៃទី៤ ខែតុលា ខាងមុខនេះ។