តើនរណាជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុន?
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ គណបក្សប្រជាធិបតេយ្យសេរី បានបោះឆ្នោត ឲ្យលោក Fumio Kishida ធ្វើជា ប្រធានបក្ស។ លោក Fumio Kishida គឺជាអ្នកនយោបាយជើងចាស់មួយរូប ដែលធ្លាប់ជាប់ជាតំណាងរាស្រ្តតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ លោកបានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនៅក្នុងរដ្ឋាភិបាល លោក ស្ហ៊ីនហ្សូ អាបេ។
លោក Fumio Kishida មានឆន្ទៈចង់ឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែដោយបានរួមចំណែកឲ្យមានដំណើរទស្សនកិច្ចក្នុងឆ្នាំ២០១៦ របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកប៉ារ៉ាក់ អូបាម៉ា ទៅ កាន់ទីក្រុង Hiroshima ដែលគ្រាប់បែកបរិមាណូត្រូវបានទម្លាក់ កាលពីឆ្នាំ ១៩៤៥។
លើសពីនេះទៅទៀត លោកមានឆន្ទៈនៅក្នុងវិស័យសេដ្ឋកិច្ចផ្ទៃក្នុងដោយបានសន្យាបង្កើតឡើងនូវ ផែនការថ្មីមួយដើម្បីផ្តល់កំណើនសេដ្ឋកិច្ចដែលបានធ្លាក់ចុះដោយវិបត្តិជម្ងឺកូវីដ-១៩ និងកាត់បន្ថយវិសមភាពសង្គម។ គួរបញ្ជាក់ថា ខណៈពេលដែលគណបក្សប្រជាធិបតេយ្យសេរី កំពុងកាន់អំណាចសព្វថ្ងៃ លោក Fumio Kishida នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុននៅថ្ងៃទី៤ ខែតុលា ខាងមុខនេះ។