ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងថា ពិតមែនថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ» ដែលត្រូវបាន ប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិមែន ប៉ុន្តែ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដល់សេរីភាព ខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនា ក្នុងលក្ខ័ខ័ណ្ឌ មិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។
ឯកឧត្ដម អ៊ុំ រាត្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពភាព បើកមហោស្រពណូអែល នៃក្តីស្រលាញ់ នៅភ្នំខ្លាកូនថ្មី នារាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤។
ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតពិតប្រាកដមែន មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ពោលគឺប្រជាពលរដ្ឋមានសេរីភាពពេញទីខាងជំនឿសាសនា ដែលខ្លួនពេញចិត្ត ដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។
ឯកឧត្ដម បន្តថា ផ្តើមចេញពីបរិបទនេះ គឺស្មារតីរួមសាមគ្គីគ្នា ចេះយោគយល់គ្នា អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមកដែលជាមូលដ្ឋានគ្រឹះ នៃវប្បធម៌សន្តិភាពដូចមានបញ្ញត្តិក្នុងគោលលទ្ធិជំនឿ និងវិន័យសាសនានីមួយៗ ដោយប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួន ដែលជាមាគ៌ានៃសច្ចធម៌របស់សាសនានីមួយៗ ដើម្បីដឹកនាំបរិស័ទនៃសាសនារបស់ខ្លួនឱ្យទទួលបាននូវសេចក្តីសុខស្ងប់ និងសុភមង្គលក៏ដូចជាធ្វើឱ្យសង្គមមានសន្តិភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមបានល្អ ហើយធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍ និងរីកចំរើន ជឿនលឿនដូចបណ្តាប្រទេសនានាក្នុងពិភពលោក។
គូបញ្ជាក់ថា ទូទាំងខេត្តបន្ទាយមានជ័យមានក្រុមជំនុំ ប្រមាណ ១៧៧ កន្លែង មានសមាជិកប្រមាណជិត ៤៤៨៨នាក់ ស្រី២៦៥១នាក់ និងអង្គការ សមាគមន៍ ជាង២០កន្លែង ជាពិសេសគ្រីស្ទបរិស័ទបានចូលរួមចំណែកជាច្រើនជាមួយ រដ្ឋបាលខេត្តដូចជា៖ ផ្នែកអប់រំ ផ្នែកសុខភាព អនាម័យ ទឹកស្អាត គំរោងប្រភពទឹកនៃក្តី សង្ឃឹម ផ្នែកកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកមនុស្សធម៍ជាដើម។
សូមជម្រាបជូនផងដែរថា មហោស្រព ណូអែល នៃក្ដីស្រឡាញ់ ឆ្នាំ២០២៤នេះ ប្រារព្ធធ្វើរយៈពេល ២ថ្ងៃ ដែលប្រារព្ធ ធ្វើឡើងនៅបវេណជើងភ្នំខ្លាកូន ស្ថិតនៅភូមិខ្លាកូនចាស សង្កាត់កំពង់ស្វាយ កកតុងសិរីសោភ័ណ ។ ព្រមមានការចាប់រង្វាន់ម៉ូតូ ទូទឹកកក ទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង អមនិងការប្រគុំតន្ត្រី មានចូលរួមពីតារាចម្រៀងល្បីល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន