លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាស្ពានអាកាសមរតកតេជោ ជាន់ទី១ ចាប់ពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ បានបើកឱ្យដំណើរការបណ្តោះអាសន្នទាំងស្រុងហើយ។
លោកស្រីបានបន្តថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្នទាំងស្រុងនាពេលនេះ ដើម្បីកាត់បន្ថយការកកស្ទះ នៅជាន់ផ្ទាល់ដី និងងាយស្រួលដល់ក្រុមសាងសង់ បំពេញការងាររបស់ខ្លួនបានលឿន និងអាចបញ្ចប់គម្រោងសាងសង់បានទាន់ពេលវេលា និងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពរីករាយ និងសុវត្ថិភាព។ ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ០៤ខែ ពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។
ស្ពានអាកាសមរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។ ស្ពានអាកាសថ្មីនេះ ត្រូវបានឯកឧត្ដម ឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតីក្រុងពលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនា ហើយកាលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់តួស្ពាន។
ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។ គម្រោងស្ពានអាកាសថ្មីនេះ មានការសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕
ប្រភព៖ ក្រសួងព័ត៌មាន