មហាជនប្រមាណ ៤ម៉ឺននាក់ មានឈ្មោះអញ្ញើញចូលរួមនៅក្នុងទិវាសន្តិភាពនៅកម្ពុជា២៩ធ្នូដែលរៀបចំប្រារព្វឡើងនៅចុងសប្តាហ៍នេះ ។
«ទិវាសន្តិភាព ២៩ ធ្នូលើកដំបូងនេះ ប្រារព្ធនៅឯណា?»
យោងតាមកម្មវិធីគ្រោងទុក “ទិវាសន្តិភាពនៅកម្ពុជា” នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានឈ្នះឈ្នះ និងនៅវិមាន កីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ-ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ រួមមានពិធីមិទិ្ទញដែលមានកម្លាំងចូលរួមចំនួន ១១៨២០នាក់ដោយ ចែកចេញជាផែនឈរបស់កងយោធពលខេមរភូមិន្ទ ផែនឈ នគរបាលជាតិ ផែនកងកិត្តិយស ត្រែទ័ព ផែនក្រុមមន្ត្រី រាជការ ផែនប្រជាពលរដ្ឋ ផែនក្រុមយុវជនកាយរិទ្ធ ផែនក្រុមសហព័ន្ធគុនល្បុកតោ។ល។ និងមានការរៀបចំស្តង់តាំងពិព័រណ៍បង្ហាញវត្ថុអនុស្សាវរីយ៍ទាក់ទងព្រឹត្តិការណ៍ប្រវត្តិតស៊ូព្រមទាំងមានបាញ់កាំជ្រួចជាប់ៗគ្នារយៈពេលបីរាត្រីទៀតផង។
ដោយឡែកនៅពេលល្ងាចមានការប្រកួតបាល់ទាត់នៅក្នុងវិមានកីឡដ្ឋានជាតិមរតកតេជោ ព្រមជាមួយនឹងការប្រគុំតន្ត្រី បុរាណ សម័យ ជាមួយវត្តមានតារាចម្រៀងល្បីៗ មានប្រជាប្រិយភាពក្នុងចំណោមមហាជន ដែលក្នុងពិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។
បើតាមការប៉ានស្មានថា នឹងមានអ្នកចូលរួមទស្សនាបាល់ទាត់ប្រមាណ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
«មូលហេតុកំណត់យកថ្ងៃ២៩ធ្វើជាទិវាសន្តិភាព នៅកម្ពុជា»
សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាវីរជនមួយរូបដែលបានអនុវត្តដោយផ្ទាល់គោលនយោបាយឈ្នះឈ្នះ បានបញ្ជាក់ថា «ថ្ងៃ ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃដែលមេដឹកនាំសំខាន់ៗ នៅក្នុងជម្លោះស្រុះស្រួលគ្នា ហើយផ្ញើសារទៅដល់កម្លាំងទាហាននៅតាមបណ្តាទីតាំងនៅជុំវិញប្រទេសអោយទម្លាក់អាវុធចុះឈប់បាញ់គ្នាតទៅទៀត ។ ជាថ្ងៃដែលមេដឹកនាំទាំងឡាយរបស់អង្គការចាត់តាំងខ្មែរក្រហមត្រូវបានអញ្ជើញមកដល់ផ្ទះ សម្តេចតេជោ ហ៊ុន សែន ហើយបានសន្យាឈប់ធ្វើសកម្មភាពអ្វីទាំងអស់ » ។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់ដែលបានចំណាយអស់២០០លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៣ រួចមក ប្រទេសកម្ពុជាមិនបានបញ្ចប់សង្រ្គាមនោះទេ ដោយសារមេដឹកនាំខ្មែរក្រហម បានចូលព្រៃធ្វើសង្រ្គាមឈ្លប បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរជាបន្តទៀត។ ពោលគឺទាល់តែក្រោយថ្ងៃទី២៩ធ្នូ ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ទើបប្រទេសមានសន្តិភាព ឈាមខ្មែរឈប់ហូរ ចាប់តាំងពីពេលនោះមក។
«មូលហេតុបង្កើតទិវាសន្តិភាពសម្រាប់កម្ពុជា»
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យដាក់បញ្ជូល ទិវាបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្នុងប្រតិទិនប្រចាំឆ្នាំ។
ក្រោយមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
យោងតាមខ្លឹមសាររបស់អនុក្រឹត្យនោះបានបញ្ជាក់ថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃ ជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី៖ ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។
ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់ បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជារហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ។
ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ។
និងជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ។
«អត្ថន័យនៃទិវាសន្តិភាពនៅកម្ពុជា»
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ -ឈ្នះ អនុវត្តពីឆ្នាំ១៩៩៦ដល់ឆ្នាំ១៩៩៨ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងរយៈពេលជាង បីទសវត្សរ៍ តាមរយៈការលុបបំបាត់អង្គការនយោបាយរបស់ខ្មែរក្រហម និងបញ្ចូលកម្លាំងនេះទៅក្នុងជីវភាពសេដ្ឋកិច្ច សង្គម និងនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ធានាសន្តិភាព និង សន្តិសុខនៅកម្ពុជា។ ហើយចំណុចសំខាន់មួយគឺ មិនថាអ្នកជា នរណា ឬនិន្នាការនយោបាយអ្វីទេ គឺឈ្នះទាំងអស់គ្នា។
គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេ ជោ ហ៊ុន សែន គឺជាមេរៀនដ៏សំខាន់បំផុតដែលអាចរៀនបានពី បទពិសោធន៍របស់កម្ពុជាគឺ “សង្គ្រាមមិនអាចបញ្ចប់ដោយ សង្គ្រាមបានទេ!”មានតែការចរចាដោយសន្តិវិធី ការសម្រប សម្រួល និងការធ្វើសម្បទានទៅវិញទៅមកទេ ទើបអាចនាំទៅរក សន្តិភាពបាន ព្រោះលុះត្រាតែគ្មានភាគីណាជាអ្នកចាញ់ ហើយ លែងមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធទៀតទេ នោះ លេងមានបញ្ហាទាំងអស់ទើបអាចដោះស្រាយទាំងស្រុងបាន។ សារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចតេ ជោ ហ៊ុន សែន គឺ«អរគុណសន្តិភាព»។
រយៈពេល ២៦ឆ្នាំ កន្លងមកនេះ គឺបន្ទាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលប្រទេសជាតិកម្ពុជាស្ថិតនៅក្រោមម្លប់សន្តិភាពនេះ បានផ្តល់លទ្ធភាពធ្វើឱ្យសង្គមកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានធ្វើអោយអាសនៈរបស់ព្រះរាជាណាចក្រកម្ពុជាមានឋានៈស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន