ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៤ធ្នូនេះ ប្រកាសអោយប្រជាពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្ន ខណៈធ្លាក់ខ្យល់ត្រជាក់នៅតំបន់ភ្នំ និងកើតមានខ្យល់ខ្លាំងនៅតំបន់សមុទ្រ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៤នេះ ដល់២៦ខែធ្នូ អាកាសធាតុត្រជាក់ ក្នុងកម្រិតសីតុណ្ហភាពអប្បបរមា ពី ១៤អង្សាសេ ទៅ ១៩អង្សាសេនឹងគ្របដណ្តប់លើតំបន់ភ្នំ មានដូចជា៖
ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ ព្រះវិហារ សៀមរាប មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តរតនគិរី។
ទន្ទឹមនេះ អាកាសធាតុត្រជាក់ ក្នុងកម្រិតសីតុណ្ហភាព អប្បបរមាពី២០អង្សាសេ ទៅ ២២អង្សាសេ នឹងគ្របដណ្តប់លើតំបន់ទំនាបកណ្តាលនិងតំបន់ខ្ពង់រាប. មាន រាជធានីភ្នំពេញ កណ្តាលខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ. ព្រៃវែង ស្វាយរៀង កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម។
ទន្ទឹមនេះក្នុងរយៈពេល៣ថ្ងៃនេះដែរ ខ្យល់និងរលកធំៗ ក្នុងកម្រិតល្បឿនខ្យល់ ពី ៦ ម៉ែត្រក្នុងវិនាទី ទៅ ៨ ម៉ែត្រក្នុងវិនាទី ខណៈកម្ពស់រលកសមុទ្រ ពី ១,៥០ ម៉ែត្រ ទៅ ២,០០ ម៉ែត្រ នឹងក្របដណ្តប់នៅតំបន់មាត់សមុទ្រ មានខេត្តព្រះសីហនុ ខេត្តកែប. កំពត និងខេត្តកោះកុង។
ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងទៀតថា ស្ថានភាពអាកាសធាតុខាងលើនេះ បានកើតឡើងគឺបណ្តាលមកពីស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ ដែលនាំអោយមាន បាតុភូតឡានីញ៉ា (La Nina) ក្នុងប្រមាណ៦០% និងអេនសូ (ENSO) ៤០% ដែលតាមសន្ទស្សន៍នេះ នឹងធ្វើអោយព្រះរាជាណាចក្រកម្ពុជានទទួលរងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបប ទឹកភ្លៀងមានបរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ប្រែប្រួលចាប់ពីសប្តាហ៍ទីពីរ នៃខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន