ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែធ្នូនេះថា រយៈពេល៩ថ្ងៃ (គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការងារការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង២១ គីឡូម៉ែត្រ។
ឯកឧត្តម អ្នកនាំពាក្យ បានបញ្ជាក់ថា ការកំណត់និយាមកា និងបោះបង្គោល ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា ក្រុមការងារបច្ចេកទេស មានការសហការគ្នាល្អក្នុងការងារអនុវត្តការងារ ទោះជា ទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងបឹងមានទឹកជ្រៅ មានព្រៃដែលត្រូវចុះដើរឆ្កាព្រៃ បន្លា ដើម្បីទៅដល់។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន បានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងដើម្បីជួយសម្របសម្រួលការអនុវត្តការងារឱ្យបានរលូន៕
ប្រភព៖ ក្រសួងព័ត៌មាន