មន្ត្រីបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងស្តីទី លោក ហាន់ ឌុកស៊ូ (Han Duck-soo) បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) កាលពីថ្ងៃព្រហស្បតិ៍ ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។
លោក ហាន់ បានសន្ទនាតាមទូរស័ព្ទជាមួយលោក អ៊ីស៊ីបា បន្ទាប់ពីប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) ត្រូវបានសភាជាតិចោទប្រកាន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃទី៣ ខែធ្នូ។
ការិយាល័យរបស់លោក ហាន់ បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាព និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដើម្បីរៀបចំសម្រាប់ពិធីរំលឹកខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំក្រោយ។
ការិយាល័យបាននិយាយនៅក្នុងការចេញផ្សាយមួយថា «ភាគីទាំងពីរបានឯកភាពលើតម្រូវការក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ចំពោះការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។
លោក ហាន់ ក៏បានធានាចំពោះលោក អ៊ីស៊ីបា ថា កិច្ចការរដ្ឋទាំងអស់នឹងត្រូវបានដំណើរការយ៉ាងតឹងរ៉ឹងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយលោកបានប្តេជ្ញាថានឹងអនុវត្តន៍គោលនយោបាយការទូត និងសន្តិសុខដោយមិនបង្អង់យូរឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន