ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើមន្ត្រីយោធាកំពូលរបស់ប្រទេសកូរ៉េខាងជើង ៣នាក់ និងអ្នកផលិតមីស៊ីលម្នាក់ដែលត្រូវគេជឿថាបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ការចាត់តាំងទណ្ឌកម្មបែបនេះ គឺជាលើកដំបូងចាប់តាំងពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជាក់។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ៨ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកិច្ចសហប្រតិបត្តិការយោធាដ៏ស៊ីជម្រៅរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ីនៅក្នុង «លក្ខខណ្ឌដ៏រឹងមាំបំផុត» ។
ក្រសួងការបរទេសបាននិយាយនៅក្នុងការចេញផ្សាយមួយថា លោក គីម យ៉ុងប៊ុក (Kim Yong-bok) អគ្គមេបញ្ជាការរងនៃអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ និងលោក ស៊ីន គុមជុល (Sin Kum-chol) នាយកការិយាល័យប្រតិបត្តិការ គឺស្ថិតក្នុងចំណោមបុគ្គលចំនួន ១១នាក់ដែលត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មឯករាជ្យរបស់ប្រទេសកូរ៉េខាងត្បូង។
បញ្ជីនេះក៏រាប់បញ្ចូលទាំង លោក រី ពុងជុន (Ri Pong-chun) ជាឧត្តមសេនីយកងទ័ពត្រូវបានគេចោទប្រកាន់ថាកំពុងដឹកនាំកងទ័ពពិសេស «Storm Corps» ដែលត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិជួរមុខនៃសង្រ្គាមភាគខាងលិចរបស់ប្រទេសរុស្ស៊ី និងលោក រី សុងជីន (Ri Song-jin) ជាអ្នកអភិវឌ្ឍន៍មីស៊ីលដែលគេជឿថាត្រូវបានបញ្ជូនទៅតំបន់ព្រំដែនសង្រ្គាម។
ប្រទេសកូរ៉េខាងត្បូងក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៧នាក់ផ្សេងទៀត និងអង្គភាពចំនួន ១៥កន្លែងសម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់ជាមួយប្រទេសរុស្ស៊ី ក្នុងការរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់សកម្មភាពបែបនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន