ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS Online)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៨ ខែធ្នូ ក្នុងគោលបំណងផ្សព្វផ្សាយដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលជាក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ដើម្បីពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ SARMIS (Online) នេះ គឺជាការអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរួមចំណែកការឆ្លើយតបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤.០។
ក្នុងឱកាសនោះ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានបំភ្លឺជូនឯកឧត្តម សុខ ចាន់ភក្តី ថា «អង្គភាពសាធារណៈប្រហាក់ប្រហែល» មានដូចជា៖ ១. អង្គភាពប្រឆាំងអំពើពុករលួយ ២. អង្គភាពប្រយុទ្ធប្រឆាំងជំងឺអេដស៍ ៣. អង្គភាពកំចាត់ជាតិផ្ទុះ។ល។ដែលចំណុះឱ្យរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កម្មវិធីនេះ ប្រព្រឹត្តឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយក្រសួងព័ត៌មានបានចាត់ឱ្យមន្រ្តី២រូប ដើម្បីចូលរួមទទួលវគ្គបណ្តុះបណ្តាលនៃកម្មវិធីនាព្រឹកនេះផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន