នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលលិខិតសរសើរ (Certificate of Appreciation) ពី ឯកឧត្តម OGASAWARA Kenichi អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) លើការចូលរួមលើកកម្ពស់គុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជាតាមរយៈ គម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដោយ ក្រុមហ៊ុន OBAYASHI CORPORATION និង Central Consultant Inc.។
គម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធនៅឆ្នាំ១៩៦៣ ដោយជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយជំនួយរបស់ប្រទេសជប៉ុន និងត្រូវប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ប៉ុន្តែដោយសារអាយុកាលប្រើប្រាស់របស់ស្ពាន កំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍កើនឡើងជាលំដាប់ ទើបស្ពានខាងលើនេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ និងត្រូវបានទទួលការជួសជុលស្តារឡើងវិញក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃគម្រោង ៣ ៣២៣ លានយ៉េន (ប្រមាណ ៣៣លានដុល្លារអាម៉េរិក) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មអូប៉ាយ៉ាស៊ី (OBAYASHI Corporation) ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ស្ពាននេះត្រូវបានជួលជុលជាមួយនឹងការឌីហ្យាញនូវគុណភាពខ្ពស់តាមបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសជប៉ុនដែលអាចធានាបាននូវភាពរឹងមាំ និងអាយុកាលវែងរបស់ស្ពាន។ ស្ពានមានប្រវែងសរុប ៧០៩ម៉ែត្រ និងទទឺងសរុប ១៣,៨ម៉ែត្រ មានគន្លងយានយន្ត ២គន្លង ផ្លូវទោចក្រយានយន្ត និងចិញ្ចើមផ្លូវ។ វិសាលភាពគម្រោងជាសង្ខេបរួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវសសរ និងគ្រឹះស្ពាន ប្រព័ន្ធលូបង្ហូរទឹក ការអ៊ុតកៅស៊ូកម្រាស់ ១៥សង់ទីម៉ែត្រ ការស្ថាបនាឡើងវិញនូវក្បាលស្ពានសងខាង ការលាបថ្នាំ ជួសជុល និងតម្លើងបង្កាន់ដៃថ្មី បង្គោលបំភ្លឺផ្លូវ និងការជួលជុលនូវផ្នែកផ្សេងៗទៀតនៃស្ពាន៕
ប្រភព៖ ក្រសួងព័ត៌មាន