ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។
ក្នុងសុន្ទរកថាគន្លឹះសម្រាប់អង្គពិធី សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃថ្នាលឌីជីថលនេះ ថាជាយន្តការផ្តល់អត្តសញ្ញាណផ្លូវការ សម្រាប់ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតី បានមានប្រសាសន៍ថា៖ “ការរៀបចំ និងដាក់ឱ្យដំណើរការ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។”
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន