សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់ ដែលកន្លងមកយើងបានឃើញហើយថាមានជនល្មើសជាច្រើន ដែលភាគច្រើនដាច់ខាតជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួនបង្កើតបានជាបទលើ្មសយ៉ាងអាណាធិបតេយ្យនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំមកនូវបច្ចេកទេសនៃបទល្មើសប្លែកៗ និងទំនើបៗ ដែលកម្ពុជាមិនធ្លាប់មានមកសាបព្រោះនៅលើទឹកដីកម្ពុជា ដោយទាញយកឱកាសនៃការអនុវត្តសេដ្ឋកិច្ចក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងឱកាសនៃការប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤លើកទី១៨ ក្រោមប្រធានបទ៖ កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សកម្មភាពដូចខាងលើនេះវាបានបំផ្លាញចំពោះសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងប្រជាជននៃបណ្តាប្រទេសនានាដែលមកស្នាក់នៅ និងរកការងារនៅកម្ពុជា។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា សកម្មភាពនៃបទល្មើសឧក្រឹដ្ឋទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការនៃការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្ដខ្ពស់ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជាតាមគ្រប់រូបភាព ដោយសម្តេចនាយករដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការរម្លឹកឡើងវិញកាលពីអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកន្លងទៅនេះ បន្ទាប់ពីបានពិនិត្យឃើញថាមានសកម្មភាពនៃការប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើស តាមរូបភាពបន្លំអាជីវកម្មអនឡាញនៅតាមទីតាំងមួយចំនួន។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិប្រយុទ្ធបរឆាំងការជួញដូរមនុស្សដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវវិធានការប្រតិបត្តិការដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ រួមទាំងបទល្មើសពាក់ព័ន្ធដទៃទៀតយ៉ាងសកម្មតាមវិធានការច្បាប់របស់កម្ពុជា និងច្បាប់អន្តជាតិ និងព្យាយាមរកការដោះស្រាយដោយសន្តិវិធីជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ដើម្បីរក្សាបាននូវកិច្ចសហប្រតិបត្តិការ រួមនឹងស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីរក្សាបាននូវស្ថានភាពសុវត្ថិភាព និងសន្តិសុខឱ្យមានប្រក្រតីឡើងវិញសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសដែលកំពុងស្នាក់នៅលើទឹកដីកម្ពុជានៅទូទាំងប្រទេស៕ ដោយ៖ ចាន់ សុភឿន AKP
ប្រភព៖ ក្រសួងព័ត៌មាន