យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស នាថ្ងៃទី១០ ខែធ្នូ ស្តីពី កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ រវាង កម្ពុជា-លីទុយអានី បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នា ស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលនៅក្នុងវិស័យសំខាន់ៗរួមមាន៖ ការបោសសម្អាតមីនមនុស្សធម៌តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា។
ប្រភពដដែល បានបន្តថា កម្ពុជា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយអានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា ជាពិសេសការនាំចេញ ផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។
ដោយឡែក ភាគីលីទុយអានី ក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយបានជម្រាបថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ និងបានលើកទឹកចិត្តឱ្យមាន កម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ។
ប្រភព៖ ក្រសួងព័ត៌មាន