នៅក្នុងសន្និសីទស្តីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសប្បនិម្មិត (AI)» ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានមិត្តភាព រាជធានីភ្នំពេញ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសចិនបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្ត និងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ានក្នុងវិស័យបញ្ញាសិប្បនិមិ្មត (AI) ដែលរួមមានទាំងប្រទេសកម្ពុជា។
តាមរយៈនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន និងអាស៊ាននៅក្នុងវិស័យ AI ភាគីទាំងពីរបានរៀបចំសន្និសីទអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិមិត្ត និងបង្កើតមជ្ឈមណ្ឌលកុំព្យូទ័រ និងមជ្ឈមណ្ឌលបន្សាំសិប្បនិម្មិតចិន-អាស៊ាន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសចិនបានចេញផ្សាយនូវ «គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសម្រាប់អាស៊ាន» និងបានចូលរួមជាមួយអាស៊ានដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិមិ្មត។
ខណៈដែល AI នាំមកនូវឱកាសដ៏ធំ វាក៏នាំមកនូវហានិភ័យ និងបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់មានពីមុនមកផងដែរ ជាពិសេសនៅក្នុងទិដ្ឋភាពនៃការត្រួតពិនិត្យគោលនយោបាយ សីលធម៌សង្គម និងសុវត្ថិភាពទិន្នន័យ ហើយធ្វើឱ្យមានវិសមភាពនៃការអភិវឌ្ឍកាន់តែធ្ងន់ធ្ងរឡើងក្នុងចំណោមប្រទេសនានាក្នុងពិភពលោក។
ឯកឧត្តម វ៉ាង វិនប៊ីន បានបន្ថែមថា AI គឺជាកម្លាំងចលករស្នូលសម្រាប់ការអភិវឌ្ឍនៃឧស្សាហកម្មដែលកំពុងរីកចម្រើន និងជាធាតុសំខាន់ក្នុងការកែលម្អប្រព័ន្ធឧស្សាហកម្មទំនើប។ បណ្តាប្រទេសនានាគួរតែពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន ការផ្លាស់ប្តូរទេពកោសល្យ និងកិច្ចសហប្រតិបត្តិការ និងការស្រាវជ្រាវបច្ចេកវិទ្យារួមគ្នា ជំរុញលំហូរទិន្នន័យឆ្លងព្រំដែន ការតភ្ជាប់ឧបករណ៍ និងពាណិជ្ជកម្ម រួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់។
សហគមន៍អន្តរជាតិគួរតែទទូចទៅលើការអភិវឌ្ឍ AI ដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបាន បង្កើតបច្ចេកវិទ្យា AI ដែលមានការត្រួតពិនិត្យ តាមដាន និងគួរឱ្យទុកចិត្ត ពង្រឹងការសម្របសម្រួលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្បាប់អភិបាលកិច្ច និងស្តង់ដារបច្ចេកទេស លើកកម្ពស់ការបង្កើតយន្តការអន្តរជាតិដោយមានការចូលរួមជាសកល និងធានាថា AI តែងតែស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងស្តង់ដារតម្លៃរបស់មនុស្សជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន