រាជរដ្ឋាភិបាល នឹងដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ឱ្យបាន២៥ភាគរយ បើទោះជាមានការស្នើសុំពីក្រុមហ៊ុនមិនឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ក៏ដោយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យនៅកម្រិតទាប និងបង្កើនថវិកាជាតិ ហើយវេទិកានេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងវេទិកានេះ ឯកឧត្ដម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់វេទិកាយុវជន ស្ដីពី “ អាករពិសេសលើថ្នាំជក់ដែលបានធ្វើឡើង”នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាថា រាជរដ្ឋាភិបាលបានកំពុងខិតខំរៀបចំធ្វើយ៉ាងណាដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ឱ្យបាន២៥ភាគរយ ក្នុងដំណាក់កាលនីមួយៗ ខណៈដែលពន្ធអាករពិសេសលើផលិតផលថ្នាំជក់នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសឡាវ បើប្រៀបធៀបបណ្ដារប្រទេសអាស៊ាន។
ឯកឧត្ដម វ៉ាន់ ពុទ្ធិពល បានបញ្ជាក់ថា ការគ្រោងដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ឱ្យបាន២៥ភាគរយនេះ ក៏មានការរឹតបណ្ដឹងលើការគ្រប់គ្រងសន្លឹកថែម ដើម្បីធានាឱ្យការផលិត និងបង់ពន្ធមានភាពត្រឹមត្រូវ សម្រាប់ទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ចំណែក យុវជន ស.ស.យ.ក បានប្រកាសគាំទ្រការដំឡើងអាករពិសេសថ្នាំជក់ ខណៈអាករពិសេស មានលក្ខណ:ខុសពីពន្ធធម្មតា ព្រោះអាករពិសេសដាក់បន្ទុកតែលើផលិតផលដែលប៉ះពាល់ខ្លាំងដល់សុខភាព បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាផលិតផលថ្នាំជក់ ដែលផលិតផលនេះ បានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ ១៥ ០០០នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ថវិកា ៦៤៩ លានដុល្លារអាមេរិក នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ។
លោកស្រីបណ្ឌិត ADA MOADSIRI, Acting NHL Team Lead អង្គការសុខភាពពិភពលោក បានច្រានចោលការអះអាងរបស់ឧស្សាហកម្មថ្នាំជក់ខាងលើ ដោយបានបញ្ជាក់ថា “ ការគេចពន្ធបារី គ្មានទំនាក់ទំនងទៅនឹងការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ទេ។ ការគេចពន្ធបារី ក៏អាចកើនឡើង ទោះបីជាបារីមានអត្រាពន្ធទាបក៏ដោយ។” ការសិក្សានៅប្រទេសម៉ុងហ្គោលី និងប្រទេសហ្វីលីពីន បានបញ្ជាក់ច្បាស់ថា មិនមានភស្តុតាងនៃការគេចពន្ធបារី នៅពេលប្រទេសទាំងពីរបានដំឡើងអាករពិសេសលើផលិតផលបារីយ៉ាងខ្ពស់។
ជាមួយនោះ លោកស្រីបណ្ឌិត HANA ROSS អ្នកជំនាញ Health Tax Expert បានមានប្រសាសន៍ថា “ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់ មិនប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចទេ ផ្ទុយទៅវិញ វាជួយកាត់បន្ថយបន្ទុកសង្គម និងសង្គ្រោះប្រជាពលរដ្ឋរាប់លាននាក់ក្នុងមួយឆ្នាំៗ។”
គួរបញ្ជាក់ថា កម្ពុជាមានបន្ទុកពន្ធសរុបលើផលិតផលថ្នាំជក់ទាបជាងគេក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន កម្ពុជាមានបន្ទុកពន្ធសរុបលើផលិតថ្នាំជក់ត្រឹម ២៥% ធៀបនឹងតម្លៃបារីលក់រាយ ខណៈប្រទេសថៃ ៧៩% ប្រទេសហ្វីលីពីន ៧១% និងប្រទេសសិង្ហបុរី ៦៨%។ កន្លងមក ឧស្សាហកម្មថ្នាំជក់តែងតែលើកអំណះអំណាងបំភាន់ថា ការដំឡើងអាករពិសេសលើផលិតផលថ្នាំជក់នឹងធ្វើឱ្យមានការកើនឡើងបារីគេចពន្ធ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ៕
ប្រភព៖ ក្រសួងព័ត៌មាន