កាលពី៤៦ឆ្នាំមុននេះ មានមនុស្សមួយក្រុមតូចបានណាត់គ្នាទៅជួបជុំជាសម្ងាត់នៅភូមិជើងឃ្លូ ។ បន្ទាប់ពីនោះមក ក៏បង្កើតបានជាកម្លាំងចលនាមួយ ដើម្បីសង្រ្គោះជីវិតមនុស្សជាង៧លាននាក់ ហើយក៏លេចឡើងនូវ “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” នេះ ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចពញ្ញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
រយៈពេល១ខែនិង៥ថ្ងៃក្រោយមក កម្លាំងរណសិរ្សនេះ ទទួលបានជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ដោយរំដោះប្រជាពលរដ្ឋទូទាំងប្រទេសអោយរស់ឡើងវិញ។ បន្ទាប់ពីផ្តួល រំលំរបបខ្មែរក្រហមហើយ រណសិរ្ស បានដឹក នាំប្រទេសចេញពីក្នុងស្ថានភាពដ៏លំបាក លំបិន កសាងប្រទេសឡើងវិញ ចាប់ពីចំណុចសូន្យ ។
រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋទាំងអស់គ្នាដែលរស់នៅក្រោមរបបប៉ុលពត ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
ពោលគឺក្រោយរំដោះ៧មករាឆ្នាំ១៩៧៩ ស្មារតី២ធ្នូបានផ្តល់ភាពអង់អាចដល់សម្តេចតេជោ អាចបញ្ចប់សង្រ្គាមក្នុងស្រុកដែលការបោះឆ្នោតដោយអ៊ុនតាក់មិនអាចធ្វើបាន តែសម្តេចតេជោអាចធ្វើតាមរយៈគោលនយោបាយឈ្នះឈ្នះ ដោយបញ្ឈប់ការបង្ហូរឈាមខ្មែរគ្នាឯងនៅឆ្នាំ១៩៩៨ ហើយយកមកវិញនូវសន្តិភាពពេញបរិបូរណ៍។
កាលពីថ្ងៃទី៧មករាឆ្នាំ២០២០ សម្តេចតេជោ បានបញ្ចេញសារ«អរគុណ សន្តិភាព» ជាលើកដំបូង ប្រកបដោយអត្ថន័យជ្រាលជ្រៅ។ មានសន្តិភាព ទើបកម្ពុជាមានការអភិវឌ្ឍ។ រយៈពេល២៦ឆ្នាំរាប់ពីឆ្នាំ១៩៩៨មក គ្មានទៀតទេខ្មែរបង្ហូរឈាមខ្មែរ ប្រជាពលរដ្ឋខ្មែរបានរស់ក្រោមម្លប់សន្តិភាព មានឱកាសកសាងប្រទេស អភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់។
ជាក់ស្តែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរំពឹងថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប( ផសស )ស្ថិតក្នុងរង្វង់ ៣៥ ១៦៨ លានដុល្លារអាមេរិក ដែលជំរុញឱ្យប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋខ្មែរក្នុងម្នាក់ៗនៅឆ្នាំ២០២៤នេះកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក ស្របតាមមហិច្ឆតារបស់រដ្ឋាភិបាលដែលចង់ធ្វើអោយកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះ។
នៅថ្ងៃទី២ធ្នូឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ បានរំលឹកអំពី ភូមិជើងឃ្លូ នៅស្រុកស្នួល ខេត្ដក្រចេះ និងរំលឹកពីថ្ងៃទី២ធ្នូកាលពី៤៦ឆ្នាំមុន។ ពោលគឺភូមិជើងឃ្លូ នេះហើយ ដែលជាប្រភពដើមផ្តល់កម្លាំងជោគជ័យ ផ្តល់ពន្លឺសន្តិភាពនិងផ្តល់ការអភិវឌ្ឍដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។
កាលពីថ្ងៃទី២ធ្នូឆ្នាំ២០១៣ នៅទីតាំងនេះត្រូវបានរដ្ឋាភិបាលសាងសង់វិមានអនុស្សាវរីយ៍មួយមានកម្ពស់៤៣ម៉ែត្រ ហើយនៅលើកំពូល មានចម្លាក់យុទ្ធជន យុទ្ធនារី ២ នាក់ ធ្វើពីស្ពាន់ មានកម្ពស់ ៣ម៉ែត្រ ដែលតំណាងកម្លាំង “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ។ ថ្ងៃទី២ ធ្នូ ឆ្នាំ ១៩៧៨ ត្រូវបានចារទុក ជាសច្ច ធម៌នៃ ប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន ក្នុងដួងចិត្តខ្មែរគ្រប់ៗរូប៕
ប្រភព៖ ក្រសួងព័ត៌មាន