បន្ទាប់ពីបានដំណើរកិច្ចប្រជុំអស់រយៈពេលពីរថ្ងៃមក សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខាភ្នំពេញ បានឈានដល់ការបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យនាំមកនូវផ្លែផ្កាជាទីមោទនភាព ក្នុងកិច្ចការពារសន្តិភាពនិងការលើកកម្ពស់វប្បធម៌សន្ទនាតាមរយៈការពង្រឹងតួនាទីរបស់សភា ដើម្បីសន្តិភាពនិងវិបុលភាព របស់ប្រជាពលរដ្ឋ។
នៅក្នុងពិធិកិច្ចបញ្ចប់កិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យ្រជុំពេញអង្គលើកទី១១ IPTP បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងចំពោះសមាជិកគ្រួសារសភា IPTP និងដៃគូកិច្ចសហប្រតិបត្តិការទំាងអស់ដែលបាន ខិតខំប្រឹងប្រែង រួមវិភាគទាន បញ្ចេញនូវទស្សនៈ ចែករំលែកបទពិសោធន៍ មានសារៈសំខាន់ ដើម្បីពង្រឹងយន្តការសភា លើកកម្ពស់វប្បធម៌សន្ទនា ឈានដល់ការសម្រេចបាននូវចក្ខុវិស័យនិងបំណងប្រាថ្នារួមមួយដើម្បីសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាររបស់IPTPលើកទី១១ មានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីជូនប្រជាពលរដ្ឋ។ ប្រជាជាតិនីមួយៗ គួរជ្រើសរើសការចរចាជាជាងការបង្កអំពើហិង្សា។ មានតែការយោគយល់គ្នា ការជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាតម្លៃពិតនៅក្នុងការធានាបាននូវកិច្ចសហប្រតិបត្តិយូរអង្វែងដែលនាំមកនូវផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋ។
សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជិត៣០០នាក់ បានអញ្ជើញមកពីប្រទេសចំនួន៥៣ មកពីបណ្តាទ្វិបនានានៅក្នុងពិភពលោក។ នៅក្នុងការប្រមូលផ្តុំគំនិតទស្សនៈ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ សម័យប្រជុំពេញអង្គIPTP បានដំណើរការកិច្ចប្រជុំគណៈកម្មាធិការចំនួន៥ មានគណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សារ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹកនិងសន្តិសុខបរិស្ថាន គណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ និងគណៈកម្មាធិការច្បាប់និងយុត្តិធម៌។ ជាមួយគ្នានេះ សម័យប្រជុំបានបើកសម័យប្រជុំពេញអង្គចំនួនពីរវគ្គ ។
ជាលទ្ធផលរួម សម័យប្រជុំIPTP បានសម្រេចនូវឯកសារចំនួនពីរជាសំខាន់ មានសេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល៖ដើម្បីមនុស្សជាតិនិងភពផែនដី។ អ្វីគួរឱ្យកត់សម្គាល់ថែមទៀតនោះ ដើម្បីពង្រីកវិសាលភាពការងារឱ្យកាន់តែធំទូលំទូលាយថែមទៀត នៅក្នុងសម័យប្រជុំលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់នេះ IPTP បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូចំនួនបួន មានអនុស្សរណៈនៃការយោគយល់ជាមួយ អន្តរសភាអាស៊ាន(AIPA) ជាមួយសមាគមសមាជិកសភាអន្តរជាតិដើម្បីសន្តិភាព(IAPP) ជាមួយក្រុមប្រឹក្សាទឹកអាស៊ី (AAWC) និងជាមួយ រដ្ឋសភាឆាដ។
សម័យប្រជុំIPTP បានប្រគល់បានពានរង្វាន់សន្តិភាព៖ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍សន្តិភាព របស់កម្ពុជា បានពលីកម្មស្ទើរពេញមួយជិវិតក្នុងការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិនិងការលើកម្ពស់សន្តិភាព ជូនប្រជាជននិងប្រទេសកម្ពុជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានសម័យប្រជុំពេញអង្គលើកទី១១ IPTP បានគូសបញ្ជាក់ថាការប្រគល់ពាន់រង្វាន់សន្តិភាពជូនសម្តេចតេជោ ហ៊ុន សែន គឺជាការស័ក្តិសមបំផុតក្នុងការឆ្លើយតបពលីកម្មរបស់សម្តេច។ ប្រវត្តិសាស្រ្តរបស់កម្ពុជា បានបង្ហាញពីតម្លៃសន្តិភាពយូរអង្វែង បើគ្មានសន្តិភាពយើងមិនអាចទទួលបាននូវការអភិវឌ្ឍដូចបច្ចុប្បន្ន និងការទទួលបានអនាគតដ៏រុងរឿងនោះឡើយ។ ក្រោមម្លប់សុខសន្តិភាព កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា មានចក្ខុវិស័យមោះមុត ច្បាស់លាស់នៅក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទំាងអស់នេះកើតមានបានដោយសារសន្តិភាព។
សូមជម្រាថាធម្មនុញ្ញសន្តិភាព ដែលសម័យប្រជុំIPTP លើកទី១១ បានគំាទ្រនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ។ ធម្មនុញ្ញសន្តិភាព តាក់តែងឡើងដើម្បីលើកកម្ពស់សន្តិភាព និងភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញទៅវិញទៅមក វិបុលភាពរួម គុណតម្លៃសកលនិងការរួមរស់ជាមួយសន្តិភាព។ ធម្មនុញ្ញសន្តិភាពនឹងក្លាយជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហរ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ ការបង្កាជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្រ្គាម ការផ្គត់ផ្គង់សន្តិសុខស្បៀងនិងសង្រ្គោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសំឡេងរួមគ្នារបស់ IPTP នាពេលនេះគឺការអំពាវនាវឱ្យមានសន្តិភាព និងភាពអត់ឱន នៅក្នុងពិភពលលោក។ ការជួបជុំគ្នានេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា និងបំណងប្រាថ្នាចង់ឃើញពិភពលោកមួយដែលមិនទទួលរងនូវភាពចលាចល និងវិនាសកម្ម ដោយសារសង្គ្រាម ជម្លោះ និងហិង្សានោះឡើយ។ កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ភាពអត់ឱន និងសន្តិភាពបានបញ្ចប់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមថ្មីប៉ុណ្ណោះ ទំនួលខុសថ្មី ដែលIPTPនិងដៃគូត្រូវរួមគ្នា ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍពិភពលោក ប្រកបោយចីរភាព ដោយយកពលរដ្ឋជាស្នូល។
សម្តេចបានគូសបញ្ជាក់ថា “យើងគួរបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ហើយប្រែក្លាយពាក្យសំដីរបស់យើងទៅជាសកម្មភាពជាក់ស្តែង ដើម្បីពលរដ្ឋរបស់យើង។ អ្វីដែលយើងនិយាយ យើងត្រូវតែធ្វើឱ្យបាន។ សាររបស់យើងនាពេលនេះគឺមានភាពច្បាស់លាស់ គឺការរួបរួមគ្នាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការយោគយល់គ្នាជាជាងការបែកបាក់ និងការអាណិតអាសូរ សន្តោសប្រណី ជាជាងការស្អប់ខ្ពើមគ្នា។ យើងសូមអំពាវនាវឱ្យមានសន្តិភាពដ៏យូរអង្វែងសម្រាប់ពិភពផែនដីយើង ដែលអាចផ្តល់សន្តិសុខ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់មនុស្សគ្រប់ទីកន្លែង”៕
ប្រភព៖ ក្រសួងព័ត៌មាន