ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងដែនដីបានបញ្ជាក់ថា ចំពោះការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងបានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឱ្យគង់វង្ស។
របាយការណ៍ដែលបង្ហាញក្នុងសន្និបាតបញ្ជាក់ថា ជាលទ្ធផលមកទល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចតទៅ៖
ក. ដីតំបន់៣ ៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ)បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ខ. ដីតំបន់២ ៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានប្រមាណ ២០ ម៉ឺនក្បាលដី ។គ. ដីតំបន់១ ៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន)បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨% នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។
សម្រាប់ទិសដៅបន្ត ក្រុមការងារនៃក្រសួង ដ.ន.ស នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជីនិងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕
ប្រភព៖ ក្រសួងព័ត៌មាន