ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក ហ្វូស្ទីន អាចេង តួដេរ៉ា (Faustin-Archange Touadera) បានសន្ទនាតាមទូរស័ព្ទអំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូ ក្នុងការបន្តជួយដល់ទីក្រុងបានហ្គី ក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍បានសរសេរថា «មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម និងការធានាស្ថិរភាពនៅ ទូទាំងសាធារណរដ្ឋអាហ្វ្រិកកណ្តាល»។ សេចក្តីថ្លែងការណ៍បានបន្តថា «ភាគីរុស្ស៊ីបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការបន្តជួយសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស»។
ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានបន្ថែមថា «លោក ហ្វូស្ទីន អាចេង តួដេរ៉ា បានសម្តែងការដឹងគុណចំពោះការគាំទ្រដ៏ទូលំទូលាយដែលផ្តល់ដោយប្រទេសរុស្ស៊ី»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល លោក អាឡិចសាន់ដឺ ប៊ីកាន់តូវ (Alexander Bikantov) បានប្រាប់សារព័ត៌មាន TASS មុននេះថា ទីក្រុងម៉ូស្គូ និងទីក្រុងបានហ្គី កំពុងពិភាក្សាគ្នាអំពីការបង្កើតមូលដ្ឋានយោធារុស្ស៊ីនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
ប្រភព៖ ក្រសួងព័ត៌មាន