ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានចុះហត្ថលេខាលើពិធីសារមួយស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការរបស់ពួកគេស្តីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុងព្យុងយ៉ាង។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ បន្ទាប់ពីបានបើកកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាលពីថ្ងៃមុន។
លោក យ៉ុន ជុងហូ (Yun Jong-ho) រដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅកូរ៉េខាងជើង និងរដ្ឋមន្ត្រីធនធានធម្មជាតិរុស្ស៊ី លោក អាឡិចសាន់ដឺ កូហ្សឡូវ (Alexander Kozlov) បានចុះហត្ថលេខាលើពិធីសារនេះ ខណៈដែលទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ បាននឹងកំពុងជំរុញភាពជាដៃគូទ្វេភាគីរបស់ពួកគេ រួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ។
លោក កូហ្សឡូវ ដែលជាប្រធានគណៈប្រតិភូរុស្ស៊ីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងង៊ុន (Kim Jong-un) ក្នុងទីក្រុងព្យុងយ៉ាង។ នេះជាលើកទីមួយហើយដែលមេដឹកនាំកូរ៉េខាងជើងបានជួបជាមួយប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាល រុស្ស៊ី។
ទីភ្នាក់ងារ KCNA បាននិយាយថា លោក កូហ្សឡូវ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃមុនបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក គីម តុកហ៊ុន (Kim Tok-hun)។
ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា ទាហានកូរ៉េខាងជើងដែលដាក់ពង្រាយនៅប្រទេសរុស្ស៊ី កំពុងចូលរួមក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ព្រំដែនភាគខាងលិច នៃទីក្រុងឃឺស របស់ប្រទេសរុស្ស៊ី។ បន្ទាប់ពីកិច្ចពិភាក្សាកំពូលកាលពីខែមិថុនាក្នុងទីក្រុងព្យុងយ៉ាង លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូថ្មីមួយ៕
ប្រភព៖ ក្រសួងព័ត៌មាន