ប្រទេសឥណ្ឌូណេស៊ី និងជប៉ុន បានព្រមព្រៀងគ្នាចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកាបូនទ្វេភាគីរវាងប្រទេសទាំងពីរ។ បេសកជនពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ហាស៊ីម ឌីចូចូហាឌីគូស៊ូម៉ូ (Hashim S. Djojohadikusumo) បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយប្រទេសជប៉ុនក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកាបូនទ្វេភាគី។
កិច្ចព្រមព្រៀង MRA គឺជាគំរូទីមួយរបស់ពិភពលោកនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងប៉ារីស។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីកិច្ចការបរិស្ថានសកលរបស់ប្រទេសជប៉ុន លោក យូតាកា ម៉ាត់ស៊ូហ្សាវ៉ា (Yutaka Matsuzawa) បាននិយាយថា លោករីករាយដែលមានវត្តមាននៅវិមានឥណ្ឌូណេស៊ី ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ។
លោកបានបញ្ជាក់ថា ដោយផ្អែកលើកិច្ចព្រមព្រៀង MRA នេះ ប្រទេសជប៉ុនចង់បង្កើត និងអភិវឌ្ឍន៍គម្រោងជាក់ស្តែងសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយជាមួយនឹងបទពិសោធន៍បែបនេះ ហើយប្រទេសទាំងពីរអាចរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកលបាន។
កិច្ចព្រមព្រៀង MRA ត្រូវបានបង្កើតឡើងនៅលើគោលការណ៍សមភាពរវាងប្រព័ន្ធឥណទានកាបូនរបស់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសដៃគូរបស់ខ្លួន។ នៅក្នុងកិច្ចព្រមព្រៀងប្រព័ន្ធឥណទានកាបូន ប្រទេសឥណ្ឌូណេស៊ី និងជប៉ុន បានទទួលស្គាល់គ្នាទៅវិញទៅមកនូវវិធីសាស្ត្រកាត់បន្ថយ ការគណនាកាត់បន្ថយការបំភាយឧស្ម័ន ប្រព័ន្ធត្រួតពិនិត្យ រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) និងទទួលវិញ្ញាបនប័ត្រឥណទានកាបូន៕
ប្រភព៖ ក្រសួងព័ត៌មាន